ព័ត៌មានជាតិ

កម្ពុជា ដាក់ឱ្យអនុវត្តជាផ្លូវការ "កម្មវិធីហិរញ្ញប្បទានអាកាសធាតុ" ជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ី សម្រាប់បង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ

image

ភ្នំពេញ៖ "កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)" បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដែលជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ី សម្រាប់វិស័យឯកជន មានទំហំមូលនិធិជាង១០០លានដុល្លារអាម៉េរិក សម្រាប់បង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

កម្មវិធីរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយដៃគូនេះ បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីនេះ ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។

ជាមួយគ្នានោះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF បានបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង មានទំហំមូលនិធិសរុបប្រមាណ ១០៩ លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានចំនួន ៥០ លានដុល្លារអាម៉េរិក និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាម៉េរិកទៀត បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ក្នុងពិធីដដែលនោះ លោក ឆេង គឹមស៊ុន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្មវិធី CCFF គឺជាសមិទ្ធផលជាទីមោទនសម្រាប់កម្ពុជា ដែលមានបំណងពង្រីកទំហំវិនិយោគ ក្នុងវិស័យអាទិភាពនានា ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានសម្បទានរយៈពេលវែង ក៏ដូចជាការទាក់ទាញ និងជំរុញការវិនិយោគបន្ថែមពីវិស័យឯកជនផងដែរ។ CCFF នឹងដើរតួនាទីជាកាតាលិករ ក្នុងការគាំទ្រដល់បណ្តាគម្រោងដែលមានផលប៉ះពាល់ខ្លាំង ពីការប្រែប្រួលអាកាសធាតុ និងរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ ក៏មានបង្ហាញការគាំទ្រចំពោះកម្ពុជា ក្នុងការដាក់ឱ្យអនុវត្តកម្មវិធីដ៏មានសារៈសំខាន់នេះផងដែរ។

សូមជម្រាបថា "កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា" មានគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យអាកាសធាតុ តាមរយៈការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែង ដល់ម្ចាស់អាជីវកម្មបៃតង ព្រមទាំងការផ្តល់ឥណទានបោះដុំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់វិស័យអាទិភាពចំនួន ៥ រួមមាន៖១. ថាមពលកកើតឡើងវិញ ២. ថាមពលប្រកបដោយប្រសិទ្ធភាព ៣. កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី ៤. ប្រព័ន្ធធារាសាស្ត្រ ៥. ការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អ៊ុន ផាណាត់