អាម៉េរិក គ្រោងដាក់ទណ្ឌកម្មឡើងវិញលើវិស័យប្រេងរបស់រុស្ស៊ីក្នុងពេលឆាប់ៗនេះ ក្រោយការផ្គត់ផ្គង់ប្រេងសកល ចាប់ផ្តើមមានស្ថិរភាព
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីដំណឹងសេដ្ឋកិច្ចដ៏សំខាន់មួយ ដោយបញ្ជាក់ថា អាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលអាចដាក់ទណ្ឌកម្មឡើងវិញលើវិស័យប្រេងរបស់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ ក្រោយពេលដែលចរន្តផ្គត់ផ្គង់ប្រេងសកល បានចាប់ផ្តើមលំហូរប្រកបដោយស្ថិរភាពឡើងវិញ ។
ការប្រកាសនេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសេដ្ឋកិច្ចកាលពីមុនរបស់អាម៉េរិក ដែលបានសម្រេចចិត្តផ្អាក ឬលើកលែងទណ្ឌកម្មលើប្រេងរុស្ស៊ីជាបណ្ដោះអាសន្ន ចំពេលមានវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ និងភាពតានតឹងនៅច្រកសមុទ្រហ័រមូស ក្នុងគោលបំណងការពារកុំឱ្យមានការកកស្ទះ និងរារាំងដល់ចរន្តផ្គត់ផ្គង់ថាមពល ដែលអាចធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំង ។
ទោះបីជាលោក ដូណាល់ ត្រាំ មិនទាន់បានលាតត្រដាងពីវិធានការលម្អិត ឬពេលវេលាជាក់លាក់នៃការលុបចោលការលើកលែងទណ្ឌកម្មនេះក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ស្ថានភាពទីផ្សារប្រេងនាពេលបច្ចុប្បន្ន បានផ្តល់លក្ខខណ្ឌអំណោយផលគ្រប់គ្រាន់សម្រាប់ឱ្យអាម៉េរិក ដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូឡើងវិញ ។
បន្ថែមពីលើបញ្ហាថាមពល លោក ត្រាំ ក៏បានបង្ហើបពីជំហានភូមិសាស្ត្រនយោបាយបន្ទាប់របស់លោកផងដែរ ដោយលោកនឹងបង្វែរការយកចិត្តទុកដាក់ទាំងស្រុងទៅលើការដោះស្រាយវិបត្តិជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយមានកិច្ចព្រមព្រៀងដ៏វិជ្ជមានមួយជាមួយអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ការថ្លែងដ៏មានឥទ្ធិពលលើទីផ្សារសេដ្ឋកិច្ចសកលរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃអង្គារ ជាមួយប្រធានាធិបតីអារ៉ាប់រួម លោក មូហាំម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាហ្សាយ៉ាន (Mohamed bin Zayed Al Nahyan) នៅក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំ G7 លើកទី៥២ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងទីក្រុងអេវីយ៉ាង-ឡេ-បាំង (Evian-les-Bains) ដោយមានប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.