ព័ត៌មានអន្តរជាតិ

មេដឹកនាំមីយ៉ាន់ម៉ា បំពេញទស្សនកិច្ច ៥ថ្ងៃនៅចិន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ

image


 
ចិន៖ ប្រធានាធិបតីចិន ស៊ី ជិនពីង បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋនៅលើកម្រាលព្រំក្រហមយ៉ាងឱឡារិក នៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីទទួលស្វាគមន៍ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក្នុងឱកាសនៃការចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរ ។
 
ជំនួបកំពូលនេះ គឺជាផ្នែកមួយនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ថ្ងៃ របស់មេដឹកនាំមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា ខណៈដែលក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ពីទំនាក់ទំនងជិតខាងប្រពៃណីដ៏ល្អ និងបង្ហាញក្តីរំពឹងក្នុងការទទួលបានលទ្ធផលកាន់តែប្រសើរពីកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ។
 
នៅក្នុងឱកាសនោះ មេដឹកនាំទាំងពីរក៏បានចូលរួមធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ ក្នុងន័យពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈដែលចិនបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា តាមរយៈគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ ។
 
ជំហាននៃការរឹតចំណងមិត្តភាព និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលនេះ បានធ្វើឡើងចំពេលដែលប្រទេសមីយ៉ាន់ម៉ា នៅតែបន្តរងការញាំញី និងប្រឈមមុខនឹងបញ្ហាសន្តិសុខក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយវិបត្តិជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ ចាប់តាំងពីរបបយោធាឡើងគ្រប់គ្រងអំណាច កាលពីឆ្នាំ២០២១ មកម្ល៉េះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.