ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្ញើសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៩០ យាងចូល ៩១ព្រះវស្សា។

ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្តីអភិរម្យសោមនស្សរីករាយ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រម ទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត គោរពទូលថ្វាយនូវ ព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ព្រះវស្សា យាង ចូល៩១ព្រះវស្សា ដែលប្រព្រឹត្តនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៦។

ឆ្លៀតក្នុងឱកាសបវរមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមគោរពស្ងប់ស្ញែង និងចងចាំជានិច្ចចំពោះព្រះ រាជស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ ក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រ តាមរយៈព្រះរាជសកម្មភាព មនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយព្រះគុណធម៌ និងការយកព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះស្ថានភាព ជីវភាព សុខទុក្ខរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ក្នុងវរោកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យ បួងសួងដល់ទេវតា ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែ រក្សាព្រះមហាស្វេតច្ឆត្រ ពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយ ថែរក្សាការពារ និងប្រោះព្រំ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត និងសូម ព្រះអង្គ ទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ”៕