ព័ត៌មានជាតិ

កម្លាំងនគរបាល ឆ្មក់បង្ក្រាបទីតាំងឆបោកអនឡាញនៅក្រុងបាវិត ឃាត់ខ្លួនជនបរទេស ១៦៩នាក់

image

ស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកាស៊ីណូ ហ្គោដ ឡាក់ ចំនួន ៣អគារ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរួមមាន អនុប្រធាននាយកដ្ឋានចារកម្ម ស្នងការរងនគរបាលខេត្ត អភិបាលរងក្រុង អធិការ និងអធិការរងនគរបាលក្រុង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ១៦៩នាក់ ក្នុងនោះស្រី ៥៦នាក់ រួមមាន ជនជាតិចិន ៨៥នាក់ ស្រី ១៥នាក់ វៀតណាម ៦៨នាក់ ស្រី ៣៧នាក់ ឡាវ ៤នាក់ កូរ៉េ ៤នាក់ នេប៉ាល់ ៣នាក់ និងម៉ាឡេស៊ី ១នាក់។ ក្នុងចំណោមជនជាតិកូរ៉េទាំង ៤នាក់ មាន ២នាក់ត្រូវបានរកឃើញថាមានដីកាចាប់ខ្លួនអន្តរជាតិ (Red Notice) ហើយត្រូវបានបញ្ជូនទៅនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក ជនជាតិវៀតណាម ១៩នាក់ ស្រី ៨នាក់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជនជាតិចិន ១នាក់ ដែលមិនមានលិខិតឆ្លងដែន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕

អត្ថបទ៖ មិន ភក្តី