ព័ត៌មានជាតិ

អាជ្ញារាជធានីភ្នំពេញ បន្តចុះបោសសម្អាតទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៩៨ទីតាំង

image

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៤នាក់ (ស្រី ៨១នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងប្រតិបត្តិការនេះបានរកឃើញបទល្មើស១ករណីនៅទីតាំងអាជីវកម្មលក់ទូរសព្ទឈ្មោះ ឡឹ ចា ឌីជីថល ស្ថិតក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ២២៥ ផ្លូវ Commercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះជនជាតិ ចិន ១នាក់ និងជនជាតិខ្មែរ ២នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភាររួមមានកុំព្យូទ័រ All in one ចំនួន ៦២គ្រឿង CPU ៩គ្រឿង ម៉ូនីទ័រ ២៦គ្រឿង ទូរសព្ទដៃ ៦៨២គ្រឿង Laptop ៥គ្រឿង។

ក្រោយការត្រួតពិនិត្យរបស់កម្លាំងជំនាញ ករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ចំពោះសម្ភារខាងលើ ក្រុមការងារពុំបានដកហូតនោះទេ សម្រេចបិទឃ្លុំទីតាំងជាបណ្ដោះអាសន្ន ដោយរក្សានៅក្នុងផ្ទះនោះតែម្តង។ ដោយឡែកជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕