ព័ត៌មានអន្តរជាតិ

ក្មេងៗជាច្រើនចូលសង្គ្រោះបន្ទាន់ ​ក្រោយពីមានការវាយប្រហារដោយដ្រូនទៅលើឡានក្រុងដឹកអ្នកដំណើរ ក្នុងតំបន់ប្រាយអានស្ក៍ ប្រទេសរុស្ស៊ី

image

រុស្ស៊ី៖ មន្ទីរពេទ្យកុមារប្រចាំតំបន់ប្រាយអានស្ក៍ (Bryansk) របស់រុស្ស៊ី បានសម្រុកទទួល និងជួយសង្គ្រោះក្មេងៗយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រោយពីមានការវាយប្រហារដោយដ្រូនទៅលើឡានក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលកំពុងដឹកក្រុមអត្តពលិកវ័យក្មេងធ្វើដំណើរមកពីប្រទេសបេឡារុស ។
 
ផ្អែកតាមរបាយការណ៍បឋមពីគណៈកម្មាធិការស៊ើបអង្កេត និងក្រសួងសុខាភិបាលរុស្ស៊ី បានលាតត្រដាងថា ឧប្បត្តិហេតុដ៏រន្ធត់នេះ បានបណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និងមនុស្សចំនួន ៨ នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះមានកុមារចំនួន ៦ នាក់ ដោយកុមារម្នាក់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ។
 
ភ្លាមៗបន្ទាប់ពីកើតហេតុ ភាគីរុស្ស៊ីតាមរយៈលោកស្រី ម៉ារៀ ហហ្សាខារ៉ូវ៉ា (Maria Zakharova) បានហៅសកម្មភាពនេះថាជាអំពើភេរវកម្មដ៏ឃោរឃៅរបស់អ៊ុយក្រែន ដែលមានបំណងសម្លាប់ប្រជាជនស៊ីវិល និងកុមារ ខណៈប្រទេសបេឡារុសក៏បានចេញមុខគាំទ្ររុស្ស៊ី ដោយថ្កោលទោស និងបញ្ជាឱ្យអ៊ុយក្រែនចេញមុខបកស្រាយការទូតជាបន្ទាន់។
 
ទោះជាយ៉ាងណាក៏ដោយ ភាគីយោធាអ៊ុយក្រែន បានចេញមុខបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយអះអាងថា យោធាអ៊ុយក្រែនមិនបានប្រើដ្រូនទៅបាញ់ប្រហារឡានដឹកក្មេងៗនោះឡើយ ហើយរឿងរ៉ាវទាំងអស់ដែលរុស្ស៊ីលើកឡើង គឺគ្រាន់តែជាការប្រឌិតព័ត៌មានដើម្បីញុះញង់តែប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshots from VIORY video.