ព័ត៌មានអន្តរជាតិ

លោក ត្រាំ កោតសរសើរប្រធានាធិបតីចិន និងរុស្ស៊ី ដែលមិនលូកដៃជួយអ៊ីរ៉ង់ តបតាមសំណើរបស់អាម៉េរិក

image

  បារាំង៖ នៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំកំពូល G7 លើកទី៥២ នៅប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមិថុនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណជាសាធារណៈទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន ដែលបានរក្សាជំហរអព្យាក្រឹតទាំងស្រុងចំពោះវិបត្តិនៅអ៊ីរ៉ង់ ។
 
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ជំហរមិនជ្រៀតជ្រែករបស់មហាអំណាចទាំងពីរនេះ បានជួយសម្រួលដល់ដំណើរការចរចារបស់អាម៉េរិកយ៉ាងច្រើន ព្រោះតាមពិតទៅ ទាំងចិន និងរុស្ស៊ី គឺសុទ្ធតែមានសមត្ថភាព និងឥទ្ធិពលដែលអាចធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពមួយនេះ មានភាពស្មុគស្មាញ និងលំបាកជាងនេះសម្រាប់សហរដ្ឋអាម៉េរិក។
 
ជាមួយគ្នានេះ លោក ត្រាំ ក៏បានទម្លាយឱ្យដឹងពីកិច្ចសន្ទនាសម្ងាត់កាលពីមុនជាមួយលោក ស៊ី ជិនពីង ផងដែរ ដោយលោកបានស្នើសុំដោយផ្ទាល់ឱ្យភាគីចិន បញ្ឈប់ការផ្តល់ ឬលក់អាវុធបាញ់ទម្លាក់យន្តហោះដោយប្រព័ន្ធមីស៊ីលចល័តធុនស្រាលទៅឱ្យប្រទេសអ៊ីរ៉ង់ ហើយជាលទ្ធផល លោក ស៊ី ជិនពីង ពិតជាបានអនុវត្តតាមការស្នើសុំនេះ ដែលធ្វើឱ្យស្ថានភាពវិវត្តទៅរកភាពល្អប្រសើរ។
 
របត់ការទូតដ៏រលូនរវាងក្រុមប្រទេសមហាអំណាចនាពេលនេះ ត្រូវគេមើលឃើញថា គឺជាការបើកផ្លូវយ៉ាងសំខាន់សម្រាប់ការឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររវាងអាម៉េរិក និងអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (REUTERS/Alexey Pavlishak)/ (REUTERS/Evelyn Hockstein).