ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រកាសថា ដំណាក់កាល ៦០ថ្ងៃ នឹងចាប់ផ្តើមអនុវត្តភ្លាមៗ ក្រោយចុះហត្ថលេខា MoU ជាមួយអាម៉េរិក

image


 
អ៊ីរ៉ង់៖ យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការរបស់លោក អែសម៉ាអ៊ីល បាខៃ (Esmaeil Baqaei) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃទី១៨ នេះ បានបញ្ជាក់ថា ដំណាក់កាលអន្តរកាលរយៈពេល ៦០ថ្ងៃ ដើម្បីឈានទៅរកការបិទបញ្ចប់ជម្លោះរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ នឹងត្រូវចាប់ផ្តើមអនុវត្តភ្លាមៗនៅថ្ងៃនេះ នៅពេលដែលកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ត្រូវបានចុះហត្ថលេខាជាផ្លូវការ ។
 
ការប្រកាសនេះ បានជម្រុះចោលនូវមន្ទិលសង្ស័យទាំងឡាយជុំវិញកាលបរិច្ឆេទនៃការចាប់ផ្តើម ដោយអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាមានការព្រមព្រៀងគ្នាក្នុងការកំណត់យកថ្ងៃសុក្រជាថ្ងៃបើកឆាកសម្រាប់ដំណាក់កាលបន្ទាប់ក៏ដោយ ប៉ុន្តែបើផ្អែកលើខ្លឹមសារច្បាប់នៃកិច្ចព្រមព្រៀង គឺអ្វីៗនឹងត្រូវដំណើរការភ្លាមៗមិនទុកឱ្យរង់ចាំឡើយ ។
 
ជាមួយគ្នានេះដែរ លោក បាខៃ ក៏បានបង្ហើបពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយផងដែរ ដោយកិច្ចប្រជុំដែលបានគ្រោងទុកយ៉ាងច្បាស់លាស់សម្រាប់ថ្ងៃសុក្រនោះ ត្រូវបានយកមកពិចារណា និងរៀបចំឡើងវិញ បន្ទាប់ពីមានការសម្រេចចិត្តជាប្រវត្តិសាស្ត្រថា ប្រធានាធិបតីនៃប្រទេសទាំងពីរ អាម៉េរិក-អ៊ីរ៉ង់ នឹងធ្វើជាអ្នកចុះហត្ថលេខាដោយផ្ទាល់តែម្តង ។
 
ទោះបីជារបៀបវារៈ និងការរៀបចំកិច្ចប្រជុំកំពូលនេះត្រូវត្រួតពិនិត្យឡើងវិញ ដើម្បីឱ្យសមស្របទៅនឹងពិធីការការទូតកម្រិតខ្ពស់របស់មេដឹកនាំកំពូលក៏ដោយ ប៉ុន្តែភាគីអ៊ីរ៉ង់ បានអះអាងយ៉ាងមុតមាំថា ខ្លឹមសារស្នូល និងបទប្បញ្ញត្តិទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពនេះ គឺមានភាពច្បាស់លាស់ គ្រប់គ្រាន់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូររបត់នយោបាយនៅក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshots from VIORY video.