ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ចុះពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនបង្កងនៅស្រុកអង្គរបូរី និងបានលើកទឹកចិត្តដល់ប្រជាកសិករឱ្យពង្រីកការចិញ្ចឹម និងភ្ញាស់កូនបង្កងបន្ថែមទៀត

image

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនបង្កងនៅស្រុកអង្គរបូរី ព្រមទាំងជួបសំណេះសំណាល និងសាកសួរអំពីបទពិសោធន៍ បច្ចេកទេស និងដំណើរការចិញ្ចឹមបង្កងរបស់ប្រជាកសិករ ដែលកំពុងប្រកបមុខរបរនេះនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំដល់ម្ចាស់កសិដ្ឋានឱ្យរក្សាទំនាក់ទំនងជាប្រចាំជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ដើម្បីទទួលបានការណែនាំអំពីបច្ចេកទេសទំនើបៗ ការគ្រប់គ្រងចំណី និងវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការចិញ្ចឹមបង្កង សំដៅបង្កើនទិន្នផល និងគុណភាពផលិតកម្ម។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យពង្រីកការចិញ្ចឹម និងភ្ញាស់កូនបង្កងបន្ថែមទៀត ដោយសារបង្កងខេត្តតាកែវមានរសជាតិឆ្ងាញ់ គុណភាពល្អ តម្លៃទីផ្សារខ្ពស់ និងមានតម្រូវការកាន់តែច្រើនពីអ្នកប្រើប្រាស់៕

អត្ថបទ៖ ឌិន សុខស៊ីថា