ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាត់ទុកទីម័រខាងកើត ជាដៃគូមានសក្តានុពលខ្លាំង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

image

រុស្ស៊ី-ទីម័រខាងកើត៖ នៅក្នុងជំនួបពិភាក្សាការងារនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នាទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន បានប្រកាសចាត់ទុកប្រទេសទីម័រខាងកើត ថាជាដៃគូសេដ្ឋកិច្ចដ៏មានសក្តានុពល និងគួរឱ្យរំពឹងទុកបំផុតមួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្របពេលដែលប្រទេសទាំងពីរត្រៀមឈានទៅប្រារព្ធខួប ២៥ឆ្នាំ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយនេះ ។
 
ផ្ដោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ភាគីរុស្ស៊ី បានបង្ហាញបំណងយ៉ាងច្បាស់លាស់ ក្នុងការចូលទៅបោះទុនវិនិយោគ និងអភិវឌ្ឍលើវិស័យស្នូលធំៗចំនួន៣ នៅក្នុងប្រទេសទីម័រខាងកើត រួមមាន វិស័យថាមពល វិស័យនៃការរុករកនិងអភិវឌ្ឍធនធានរ៉ែ ព្រមទាំងវិស័យទេសចរណ៍ ដែលវិស័យទាំងនេះសុទ្ធសឹងតែជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏សំខាន់ ។
 
មេដឹកនាំរុស្ស៊ី ក៏បានទទួលស្គាល់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងទីម័រខាងកើត នាពេលបច្ចុប្បន្ន គឺនៅមានកម្រិតទាបខ្លាំងនៅឡើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូបានមើលឃើញពីឱកាស និងលទ្ធភាពខ្ពស់ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ក៏ដូចជាការបើកចំហទីផ្សារដោះដូរទំនិញរវាងភាគីទាំងពីរឱ្យកាន់តែមានទំហំធំជាងមុន ក្នុងពេលអនាគត ។
 
បន្ថែមពីលើការវិនិយោគសេដ្ឋកិច្ច លោក ពុទីន បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់រុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកធនធានមនុស្ស និងមនុស្សធម៌ ដែលជាគ្រឹះទ្រទ្រង់សេដ្ឋកិច្ច រួមមាន វិស័យវិទ្យាសាស្ត្រ ការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាជនទីម័រខាងកើត បន្ទាប់ពីលោកបានរំឭកពីប្រវត្តិដែលរុស្ស៊ីធ្លាប់បានជួយគាំទ្រថវិកា និងស្បៀងអាហារ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ។
 
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក ខេ រ៉ាឡា ខសាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រុស្ស៊ី ដោយលោកសង្កត់ធ្ងន់ថា រុស្ស៊ីគឺជាមហាអំណាចដែលមានឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ទិសដៅ ប្រព័ន្ធសេដ្ឋកិច្ចសកលលោក និងកិច្ចការអន្តរជាតិ ហើយទីម័រខាងកើតដែលជាសមាជិកទី១១ របស់អាស៊ាន រំពឹងថានឹងអាចចាប់ដៃគ្នាជាមួយរុស្ស៊ី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.