រុស្ស៊ី ជ្រើសរើសវៀតណាម ធ្វើជាមជ្ឈមណ្ឌលបង្គោលសម្រាប់ចែកចាយវ៉ាក់សាំងជំនាន់ថ្មី ទៅទូទាំងតំបន់អាស៊ី
រុស្ស៊ី-វៀតណាម៖ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នាទីក្រុងកាហ្សាន នាពេលថ្មីៗនេះ បានឱ្យដឹងថា ជំនួយការប្រធានាធិបតីរុស្ស៊ី លោក គីរៀល ឌីមីទ្រីវ ( Kirill Dmitriev) បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រមួយ ជាមួយមូលនិធិវិនិយោគរដ្ឋរបស់វៀតណាម ក្នុងបំណងបើកផ្លូវឱ្យមានការវិនិយោគទ្វេភាគីកាន់តែទូលំទូលាយ ។
ខ្លឹមសារស្នូលនៃកិច្ចសហប្រតិបត្តិការថ្មីនេះ គឺជាគម្រោងការណ៍របស់រុស្ស៊ីក្នុងការបង្កើតមជ្ឈមណ្ឌលស្តុក និងចែកចាយវ៉ាក់សាំងជំនាន់ថ្មីនៅក្នុងប្រទេសវៀតណាម ដោយរដ្ឋាភិបាលទីក្រុងមូស្គូ មានបំណងប្រើប្រាស់ទឹកដីវៀតណាម ធ្វើជាមជ្ឈមណ្ឌលបង្គោលនិងច្រកទ្វារយុទ្ធសាស្ត្រក្នុងការនាំចេញវ៉ាក់សាំងទៅកាន់បណ្តាប្រទេសដទៃទៀតនៅទូទាំងទ្វីបអាស៊ី ។
ក្រៅតែពីវិស័យសុខាភិបាល និងបច្ចេកវិទ្យាវ៉ាក់សាំង លោក គីរៀល ឌីមីទ្រីវ ក៏បានលើកឡើងបន្ថែមថា ក្រុមហ៊ុនធំៗរបស់រុស្ស៊ី កំពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការដាក់ទុនពង្រីកខ្លួននៅក្នុងទីផ្សារវៀតណាម លើវិស័យសក្តានុពលផ្សេងៗទៀត រួមមាន វិស័យទេសចរណ៍ បច្ចេកវិទ្យាជាន់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម ។
របត់សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ប្រេសិតរុស្ស៊ីរូបនេះ បានបង្ហើបថា មិនមែនមានតែរុស្ស៊ីនោះទេ ពោលគឺសូម្បីតែបណ្តាដៃគូពាណិជ្ជកម្មមកពីតំបន់មជ្ឈិមបូព៌ា ក៏កំពុងបង្ហាញបំណងចង់ចាប់ដៃគ្នាជាមួយរុស្ស៊ី ដើម្បីបោះទុនវិនិយោគខ្នាតយក្សរួមគ្នានៅក្នុងប្រទេសវៀតណាម ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ។
ភាគីរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះផែនការការទូតថ្មី ក្នុងការបង្កើតរបបលើកលែងទិដ្ឋាការ (Visa-free) រវាងរុស្ស៊ី និងវៀតណាម ដោយលោកបានសង្កត់ធ្ងន់ថា វិធានការនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមក និងរុញច្រានវៀតណាមឱ្យក្លាយជាដៃគូសេដ្ឋកិច្ចដ៍មានសក្តានុពលបំផុតមួយរបស់រុស្ស៊ីនៅក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY