សង្គម

ករណីលោកសង្ឃចាក់សាក់លើខ្លួនស្រី សមត្ថកិច្ចរកឃើញបទល្មេីសជក់ថ្នាំញៀន ផឹកស្រាថ្នាំក្នុងវត្ត និងផ្សឹកព្រះសង្ឃ ៥អង្គ នៅខេត្តបាត់ដំបង

image


បាត់ដំបង៖ រឿងព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រី ដែលផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមនោះ ពេលនេះត្រូវមន្ត្រីសង្ឃ និងមន្ទីរធម្មការខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ផ្សឹកព្រះសង្ឃចំនួន ៥អង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យសង្ឃធ្ងន់ធ្ងរ។
ករណីនេះបានកេីតឡេីងនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
អតីតព្រះសង្ឃទាំង ៥អង្គ ដែលត្រូវចាប់ផ្សឹក ក្រោយសមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោម រកឃើញសារធាតុញៀនក្នុងព្រះកាយ។

អតីតព្រះសង្ឃទាំង ៥អង្គ រួមមាន ឈ្មោះ តោ សុផាត (មេខ្លោងដែលជាអ្នកចាក់សាក់លើរូបរាងកាយស្រ្តីនៅក្នុងវីដេអូ), ចាន ឌីណា, យួន មករា, វ៉ាត សុវណ្ណ និង កែ សុខហេង។

ចំពោះវត្ថុតាងដែលដកហូតបាននៅក្នុងប្រតិបត្តិការចុះពិនិត្យនៅក្នុងវត្ត សមត្ថកិច្ចបានរកឃើញ និងដកហូតថ្នាំញៀនចំនួន ៣កញ្ចប់ ស្រាថ្នាំចំនួន ២ដប និងឧបករណ៍ សម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយពីបានធ្វើពិធីផ្សឹក រួចរាល់ហើយ មន្ត្រីសង្ឃ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានប្រគល់ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ទៅឱ្យកម្លាំងនគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់៕