ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញយុទ្ធសាស្ត្រទីផ្សារបើកចំហ និងការអនុគ្រោះពន្ធ ដើម្បីទាក់ទាញវិនិយោគិនរុស្ស៊ី ឱ្យមកវិនិយោគនៅកម្ពុជា

image


 
រុស្ស៊ី៖ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយ RT នាឱកាសកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នាពេលថ្មីៗនេះ ឯកឧត្តម ឡុង កឹមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងរុស្ស៊ី ។
 
មន្ត្រីជាន់ខ្ពស់រូបនេះ គូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងនាំចូលនូវមុខទំនិញសំខាន់ៗក្នុងបរិមាណយ៉ាងច្រើនពីរុស្ស៊ី ជាពិសេសគឺផលិតផលបម្រើឱ្យវិស័យកសិកម្ម ដូចជា «ជីកសិកម្ម» ដែលជាតម្រូវការចម្បង ហើយកម្ពុជាក៏មានផែនការចង់ពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យនេះឱ្យកាន់តែធំជាងមុនថែមទៀតផង ។
 
ដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ឯកឧត្តមបានឆ្លៀតឱកាសអំពាវនាវ និងគោរពអញ្ជើញដល់បណ្តាក្រុមហ៊ុន និងធុរកិច្ចជនរុស្ស៊ីទាំងអស់ ឱ្យមកបណ្តាក់ទុនធ្វើអាជីវកម្មផ្ទាល់នៅក្នុងប្រទេសកម្ពុជា ដែលជាទឹកដីពោរពេញទៅដោយឱកាសលូតលាស់ខ្ពស់ ។
 
កត្តាគន្លឹះដែលកម្ពុជាយកមកបង្ហាញដើម្បីទាក់ទាញចិត្តវិនិយោគិនរុស្ស៊ី គឺការដែលកម្ពុជាមានច្រកចូលទីផ្សារយ៉ាងទូលំទូលាយ និងការទទួលបាននូវការអនុគ្រោះពន្ធពាណិជ្ជកម្មពិសេសៗពីបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម ព្រមទាំងដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផងដែរ ។
 
ភាគីកម្ពុជាបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈការប្រើប្រាស់នូវសក្តានុពលទីផ្សារសេរីរបស់កម្ពុជា រួមផ្សំជាមួយនឹងការបណ្តាក់ទុនរបស់រុស្ស៊ី វានឹងក្លាយជាកាតាលីករពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ RT/ Russia E Visa/ World Bank Block.