ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ មិនខ្វល់ពីកិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងបដិសេធមិនដកទ័ពចេញពីលីបង់

image


 
អ៊ីស្រាអ៊ែល៖ នៅក្នុងពិធីសម្ពោធផ្លូវជាតិមួយខ្សែ នាតំបន់វ៉េសប៊ែង (West Bank) កាលពីថ្ងៃទី១៨ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសជំហររឹងទទឺង ដោយអះអាងថាកងទ័ពអ៊ីស្រាអ៊ែលនឹងបន្តកាន់កាប់តំបន់ភាគខាងត្បូងលីបង់ដដែល ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋខ្លួន បើទោះជាអាម៉េរិក និងអ៊ីរ៉ង់ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។
 
មេដឹកនាំរូបនេះបានវាយតម្លៃខ្ពស់ចំពោះជោគជ័យយោធារបស់អ៊ីស្រាអ៊ែល ដោយលោកបានលើកឡើងថា ខ្លួនបានបំបាក់ «សត្រូវ» ព្រមទាំងបានកម្ទេចសមត្ថភាពគ្រាប់មីស៊ីលរបស់ក្រុមហេសបូឡាហ៍នៅលីបង់ និងកំពុងតែបន្តកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាយ៉ាងចាស់ដៃ ។
 
របត់នយោបាយនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេស្គៀន (Masoud Pezeshkian) បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមុនកាលកំណត់កាលពីល្ងាចថ្ងៃពុធ នៅក្នុងប្រទេសបារាំង ដែលខុសពីផែនការដើមដែលត្រូវធ្វើឡើងនៅក្នុងប្រទេសស្វីស នាថ្ងៃសុក្រ ។
 
ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេស ឱ្យដឹងថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះហាក់បីដូចជាផ្តល់ផលចំណេញដល់ភាគីអ៊ីរ៉ង់ខ្លាំង ដោយសារតែវាមានចែងពីការបញ្ចប់ការប្រយុទ្ធគ្នាទាំងអស់ (រួមទាំងនៅលីបង់) ការដកទណ្ឌកម្ម និងការបិទផ្លូវទឹក ព្រមទាំងការផ្តល់កញ្ចប់ថវិកាអភិវឌ្ឍន៍រហូតដល់ ៣០០ ពាន់លានដុល្លារ ជាថ្នូរនឹងការមិនផលិតអាវុធនុយក្លេអ៊ែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video/ France24.