ព័ត៌មានអន្តរជាតិ

មនុស្ស ៣នាក់បានបាត់បង់ជីវិត ក្រោយការវាយប្រហារលើរថយន្តមួយគ្រឿងនៅទីក្រុងហ្គាហ្សា

image


ហ្គាហ្សា, ប៉ាឡេស្ទីន៖ ករណីវាយប្រហារដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសង្កាត់អាល់រីម៉ាល់ ភាគខាងលិចទីក្រុងហ្គាហ្សា កាលពីថ្ងៃទី១៨ ខែមិថុនា ក្រោយពីរថយន្តស៊ីវិលមួយគ្រឿងបានទទួលរងនូវការទម្លាក់គ្រាប់ប្លោង ដែលប្រភពក្នុងតំបន់សង្ស័យថាជាស្នាដៃរបស់កងទ័ពអ៊ីស្រាអ៊ែល ។
 
ផ្អែកតាមការបញ្ជាក់ពីមន្ត្រីការពារស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានឱ្យដឹងថា ឧបទ្ទវហេតុ​នាពេលថ្ងៃត្រង់ នៅក្នុងតំបន់ដែលមានមនុស្សរស់នៅកុះករ ក្បែរវិហារអ៊ីស្លាមនោះ បានបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិត ៣នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត ក្នុងនោះមានទាំងស្ត្រី និងកុមារតូចៗ ខណៈខាងអ៊ីស្រាអ៊ែលមិនទាន់ចេញមុខបំភ្លឺឡើយ ។
 
យុទ្ធនាការយោធាដ៏ចាស់ដៃរបស់អ៊ីស្រាអ៊ែលនាពេលនេះ គឺជាផ្នែកមួយនៃសង្គ្រាមដ៏រ៉ាំរ៉ៃដែលបានផ្ទុះឡើងតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយគិតមកទល់នឹងពេលនេះ បណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់បាត់បង់ជីវិតកើនឡើងដល់ទៅជាង ៧៣,០០០ នាក់ និងរបួសជាង ១៧០,០០០ នាក់ទៅហើយ ។
 
ទោះបីជាស្ថានភាពសមរភូមិជាក់ស្តែងនៅតែបន្តបង្ហូរឈាមគ្នាយ៉ាងឃោរឃៅក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក កាលពីដើមឆ្នាំ២០២៦ នេះ ធ្លាប់បានដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងការទូត តាមរយៈការដាក់ចេញនូវជំហានទីពីរនៃផែនការសន្តិភាព ២០ចំណុច របស់លោក ដូណាល់ ត្រាំ ដើម្បីឈានទៅរកការឈប់បាញ់ ដកហូតអាវុធ និងកសាងតំបន់ហ្គាហ្សាឡើងវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.