ព័ត៌មានជាតិ

ការងារជិត ៦ពាន់កន្លែងនៅខេត្តជាប់សមុទ្រ ៤ កំពុងរង់ចាំអតីតពលករពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

image

ភ្នំពេញ៖ ខេត្តជាប់តំបន់សមុទ្រចំនួន ៤ រួមមាន ខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប កំពុងមានឱកាសការងារសរុបជិត ៦ពាន់កន្លែង សម្រាប់ផ្តល់ជូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឱកាសការងារសរុបចំនួន ៥,៨៩៧កន្លែង កំពុងត្រូវការជ្រើសរើសបុគ្គលិកក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម នៅតាមបណ្តាខេត្តទាំង ៤។ បងប្អូនអតីតពលករ និងអ្នកស្វែងរកការងារ អាចពិនិត្យព័ត៌មានលម្អិតអំពីរោងចក្រ សហគ្រាស មុខតំណែង និងលេខទំនាក់ទំនង តាមរយៈខិត្តប័ណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។

ក្រៅពីការទាក់ទងដោយផ្ទាល់ទៅកាន់រោងចក្រ និងសហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ ក៏អាចទាក់ទងមកលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការសម្របសម្រួល និងជំនួយស្វែងរកការងារសមស្របពីក្រសួងការងារផងដែរ៕