បង្ក្រាបបណ្តាញកម្ចីអនឡាញខុសច្បាប់! ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធការគំរាមហែកកេរ្តិ៍ និងកំហែងយកប្រាក់
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវលើករណីកំហែងយកប្រាក់ និងគំរាមហែកកេរ្តិ៍ក្រោមរូបភាពកម្ចីអនឡាញខុសច្បាប់ ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរចំនួន ២នាក់ ក្នុងនោះមានស្ត្រីម្នាក់។
ការស្រាវជ្រាវបានរកឃើញថា ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Zeii Neth» ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះ ដើម្បីធ្វើសកម្មភាពគំរាមហែកកេរ្តិ៍ និងកំហែងទារប្រាក់។ ក្រោយប្រមូលបានភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចបានចាត់វិធានការតាមផ្លូវច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយចៅក្រមបានសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ «គំរាមកំហែងហែកកេរ្តិ៍»។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុនសម្រេចចិត្តខ្ចីប្រាក់តាមអនឡាញ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់ថា អ្នកផ្តល់កម្ចីជាស្ថាប័នស្របច្បាប់ ដើម្បីជៀសវាងការឆបោក និងហានិភ័យផ្សេងៗ៕