ព័ត៌មានជាតិ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ជាឯកច្ឆន្ទ ១១៤សំឡេង ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់

image

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ ជាលទ្ធផល អង្គប្រជុំបានអនុម័តសេចក្តីព្រាងច្បាប់នេះជាឯកច្ឆន្ទ ដោយមានសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។

សេចក្តីព្រាងច្បាប់នេះ បានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ឆ្នាំ២០១៤ ក្នុងគោលបំណងឆ្លើយតបទៅនឹងការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងសំណូមពរពីវិស័យឯកជន។ វិសោធនកម្មថ្មីផ្តោតលើការកែសម្រួលកម្រិតទម្ងន់អតិបរមារបស់យានយន្តដឹកជញ្ជូន ការពង្រឹងវិធានការត្រួតពិនិត្យ និងការកំណត់ទណ្ឌកម្មច្បាស់លាស់ចំពោះបទល្មើសដឹកលើសទម្ងន់ ដែលជាមូលហេតុចម្បងបង្កការខូចខាតផ្លូវថ្នល់នៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា វិសោធនកម្មនេះស្ថិតក្នុងចំណោមការងារអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងត្រូវបានរំពឹងថានឹងបង្កើតរបត់ថ្មីក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ច្បាប់ថ្មីនឹងជួយពង្រឹងសុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ បង្កើនគុណភាព និងចីរភាពផ្លូវថ្នល់ ព្រមទាំងជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុល និងថែទាំផ្លូវជារៀងរាល់ឆ្នាំ។

អត្ថបទ៖ វង សុភ័ក្ត្រ