ព័ត៌មានអន្តរជាតិ

អាស៊ានពង្រីកសក្តានុពលសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនានា ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបួនលើពិភពលោកត្រឹមឆ្នាំ២០៣០

image

រុស្ស៊ី៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន RT នាពេលថ្មីៗនេះ អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានលើកឡើងថា ជុំវិញទិដ្ឋភាពសេដ្ឋកិច្ច តំបន់អាស៊ានបានកំណត់គោលដៅដ៏មានមហិច្ឆតាខ្ពស់ ក្នុងការរុញច្រានខ្លួនឱ្យក្លាយជា «ប្លុកសេដ្ឋកិច្ច» ធំជាងគេបំផុតលំដាប់ទីបួននៅលើពិភពលោកត្រឹមឆ្នាំ២០៣០។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ អាស៊ានបាននិងកំពុងជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលទើបតែត្រូវបានកែសម្រួលនិងដំឡើងកម្រិតកាលពីឆ្នាំមុន ក្នុងគោលបំណងកាត់បន្ថយពន្ធគយទាំងអស់ឱ្យធ្លាក់មកត្រឹមសូន្យភាគរយ ព្រមទាំងលុបបំបាត់រាល់របាំងមិនមែនពន្ធគយ ដើម្បីប្រែក្លាយតំបន់នេះទៅជាមូលដ្ឋានផលិតកម្មនិងទីផ្សាររួមតែមួយ ។

 

លោកបានលើកឡើងបន្ថែមថា យុទ្ធសាស្ត្រពង្រីកទីផ្សាររបស់អាស៊ាន ពឹងផ្អែកយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ចំនួនប្រាំពីរដែលមានស្រាប់ ជាមួយនឹងបណ្តាប្រទេសនិងតំបន់សេដ្ឋកិច្ចឈានមុខ រួមមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលសេឡង់ដ៍ ឥណ្ឌា និងហុងកុង។ ជាក់ស្ដែង ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន បានឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រក្នុងទំហំពាណិជ្ជកម្ម ១,៣ ទ្រីលានដុល្លារ ក្រោមទម្រង់កិច្ចព្រមព្រៀងកម្រិត ៣.០ ដោយរក្សាបាននូវឋានៈជាដៃគូពាណិជ្ជកម្មលេខមួយទៅវិញទៅមករវាងភាគីទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។

 

បន្ថែមពីលើនេះ អាស៊ានកំពុងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការបើកការចរចាធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌានិងកូរ៉េខាងត្បូង ខណៈកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសកាណាដា ត្រូវគេរំពឹងថា នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដំបូងគេបង្អស់ជាមួយប្រទេសនៅតំបន់អាម៉េរិកខាងជើង។ ទន្ទឹមនឹងនេះ អាស៊ានក៏បានឈានជើងចូលទៅដល់ការសិក្សាលទ្ធភាពស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់និងតំបន់ ជាមួយនឹងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ផងដែរ ។

 

នៅក្នុងយុគសម័យបច្ចេកវិទ្យា អាស៊ានបានបង្កើតសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយតាមរយៈការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលគ្រោងនឹងចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដែលវានឹងក្លាយជាកិច្ចព្រមព្រៀងឌីជីថល ចងកាតព្វកិច្ចផ្លូវច្បាប់លើកដំបូងបំផុតក្នុងតំបន់ ក្នុងចំណោមរដ្ឋសមាជិកទាំងអស់។ ជាមួយគ្នានេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតក្នុងលោក ដោយគ្របដណ្តប់លើ ៣០% នៃផលិតផលក្នុងស្រុកសរុប ឬ GDP ពិភពលោក ក៏កំពុងបើកចំហទ្វារស្វាគមន៍ការចូលរួមពីបណ្តាសេដ្ឋកិច្ចថ្មីៗដទៃទៀតដែរ ។

 

វិស័យសេដ្ឋកិច្ចអាស៊ាន ត្រូវបានបំពេញបន្ថែមដោយការទទួលយកប្រទេសទីម័រខាងកើត ជារដ្ឋសមាជិកទី១១ ដែលមានប្រជាជន ១,៤ លាននាក់។ ទោះបីជាប្រទេសនេះមានទំហំតូច ប៉ុន្តែអាស៊ានបានផ្តល់អាទិភាពខ្ពស់ក្នុងការអនុញ្ញាតឱ្យទីម័រខាងកើត អាចឈានជើងចាប់យកការរីកចម្រើនសេដ្ឋកិច្ចបែបបច្ចេកវិទ្យាចុងក្រោយ និងពន្លឿនការធ្វើសមាហរណកម្មតំបន់ ដើម្បីទាញយកផលប្រយោជន៍ពីទីផ្សាររួមដែលមានប្រជាជនសរុបជិត ៧០០ លាននាក់ ព្រមទាំងពង្រឹងសន្តិសុខនិងស្វ័យភាពយុទ្ធសាស្ត្ររបស់តំបន់ទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ RT | រូបភាព៖ Screenshot from RT video.