ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចេញវីដេអូ ដែលអះអាងថា ជាការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាដ្រូនរបស់កងទ័ពអ៊ុយក្រែន និងទីតាំងសំខាន់ៗផ្សេងទៀត

image

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីពេលថ្មីៗនេះ បានបញ្ចេញវីដេអូនៃសកម្មភាពយោធាដែលបង្ហាញពីជោគជ័យក្នុងការបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ ទៅលើមជ្ឈមណ្ឌលបញ្ជាដ្រូនរបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ខាកូវ (Kharkov) ព្រមទាំងបានវាយប្រហារលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗដែលសត្រូវកំពុងប្រើប្រាស់នៅក្នុងតំបន់គីវ, ស៊ូមី (Sumy), និងឆឺនីហ្គូវ (Chernigov) ផងដែរ។ ទោះជាយ៉ាងណាក្ដី កាលបរិច្ឆេទ និងទីតាំងពិតប្រាកដនៃវីដេអូវាយប្រហាររបស់រុស្ស៊ី នៅមិនទាន់អាចផ្ទៀងផ្ទាត់ជាឯករាជ្យបាននៅឡើយទេ ។

 

នៅក្នុងប្រតិបត្តិការនោះ រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីលើយន្តហោះខ្នាតធំប្រភេទ FAB-500 និងគ្រាប់មីស៊ីលយន្តហោះចម្បាំង Kh-39 ដើម្បីកម្ទេចប៉ុស្តិ៍បញ្ជាការរបស់កងពលតូចប្រតិកម្មរហ័ស និងកងពលតូចចល័តរបស់អ៊ុយក្រែន។ ដោយឡែក ភាគីអ៊ុយក្រែនបានរាយការណ៍ថា ក្នុងរយៈពេលត្រឹម ២៤ម៉ោងតែប៉ុណ្ណោះ ខ្លួនបានទទួលរងនូវការវាយប្រហារតាមអាកាសចំនួន ៥៦លើក និងដ្រូនបំផ្លិចបំផ្លាញជាង ៦,០០០គ្រឿងពីរុស្ស៊ី។

 

គួររំឭកថា យុទ្ធនាការវាយលុកយោធារបស់រុស្ស៊ីរហូតមកទល់នឹងពេលនេះ បានចាប់ផ្តើមឡើងតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ មកម៉្លេះ បន្ទាប់ពីរុស្ស៊ីបានបើកផ្លូវទទួលស្គាល់តំបន់ផ្ដាច់ខ្លួនដូណែត និងលូហ្គាន ថាជាប្រទេសឯករាជ្យ រួមទាំងចោទប្រកាន់ថាអ៊ុយក្រែនមិនគោរពកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ និងបានទាមទារដាច់ខាតឱ្យអ៊ុយក្រែនប្រកាសខ្លួនជាប្រទេសអព្យាក្រឹត មិនត្រូវចូលរួមជាមួយណាតូឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.