អ៊ីរ៉ង់ព្រមានថា បើបញ្ហានៅលីបង់មិនត្រូវបានដោះស្រាយ នោះការចរចាជាមួយអាម៉េរិក នឹងត្រូវលុបចោលទាំងស្រុង
ស្វីស៖ នៅក្នុងជំនួបចរចាសន្តិភាពដ៏មានសារៈសំខាន់នៅតំបន់រមណីយដ្ឋានប៊ឺហ្គិនស្តុក (Burgenstock) ប្រទេសស្វីស កាលពីចុងសប្ដាហ៍កន្លងទៅ សមាជិកក្រុមចរចាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ លោក ហ៊ូសេន ហ្គ័របង់ហ្សាដេស (Hossein Ghorbanzadeh) បានដាក់ចេញនូវលក្ខខណ្ឌដាច់ខាត ដោយផ្តល់អាទិភាពខ្ពស់បំផុតទៅលើការប្រកាសបញ្ចប់សង្គ្រាម និងការឈប់បាញ់នៅក្នុងប្រទេសលីបង់។ អ៊ីរ៉ង់បានព្រមានថា ប្រសិនបើបញ្ហានៅសមរភូមិលីបង់មិនត្រូវបានដោះស្រាយជាមុនទេនោះ រាល់ការចរចាលើរបៀបវារៈដទៃទៀតជាមួយសហរដ្ឋអាម៉េរិក នឹងត្រូវលុបចោលទាំងស្រុង។
សមាជិកក្រុមចរចាសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា ជំហរដ៏រឹងមាំ និងម៉ឺងម៉ាត់ខាងលើ ធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ម៉ូហាំម៉េដ បាឃឺ កាលីបាហ្វ (Mohammad Bagher Qalibaf) ដែលជាប្រធានគណៈប្រតិភូអ៊ីរ៉ង់ និងជាប្រធានសភាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ភាគីអ៊ីរ៉ង់ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា កិច្ចខិតខំប្រឹងប្រែងតាមដានយ៉ាងដិតដល់នៅក្នុងសម័យប្រជុំបួនភាគីនេះ នឹងអាចរុញច្រានឱ្យមានការលេចចេញនូវលទ្ធផលជាវិជ្ជមានគួរជាទីពេញចិត្ត ។
ទន្ទឹមនឹងបញ្ហាសន្តិសុខ ស្ថានភាពនៃការដកទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេហ៍រ៉ង់ឯណោះវិញ ក៏ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ដោយភាគីប្រទេសកាតា បានស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលលើការបើកផ្លូវឱ្យអ៊ីរ៉ង់អាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនឡើងវិញ។ លើសពីនេះ សេចក្តីព្រាងចុងក្រោយស្តីពីការផ្តល់លិខិតអនុញ្ញាតលើកលែងទណ្ឌកម្មជាបណ្តោះអាសន្ន សម្រាប់ការនាំចេញប្រេង និងផលិតផលប្រេងរបស់អ៊ីរ៉ង់ ត្រូវបានរៀបចំរួចរាល់ហើយ ។
គួររំឭកថា កិច្ចចរចាកំពូលដ៏មានឥទ្ធិពលនេះ ត្រូវបានដឹកនាំដោយអនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វែន រួមជាមួយមន្ត្រីជិតស្និទ្ធនឹងលោក ដូណាល់ ត្រាំ ខណៈភាគីអ៊ីរ៉ង់ដឹកនាំដោយលោក កាលីបាហ្វ និងរដ្ឋមន្ត្រីការបរទេស លោក អាបាស់ អារ៉ាកជី ដោយមានប្រទេសប៉ាគីស្ថាន និងកាតា ដើរតួជាអ្នកសម្របសម្រួល ដើម្បីស្វែងរកសណ្តាប់ធ្នាប់សន្តិភាពថ្មីមួយនៅតំបន់មជ្ឈិមបូព៌ា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters & CNN on Microsoft Bing.