អនុប្រធានាធិបតីអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោនចង់ផ្លាស់ប្តូរមុខមាត់ថ្មីនៃទំនាក់ទំនងជាមួយអ៊ីរ៉ង់
ស្វីស៖ នៅក្នុងជំនួបការទូតកម្រិតខ្ពស់នាប្រទេសស្វីស ក្នុងតំបន់រមណីយដ្ឋានប៊ឺហ្គិនស្តុក (Burgenstock) កាលពីពេលថ្មីៗនេះ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វែន (JD Vance) បានប្រកាសជាផ្លូវការថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការផ្លាស់ប្តូរជាមូលដ្ឋាន និងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីរៀបចំសណ្តាប់ធ្នាប់សន្តិសុខឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ។
លោក ជេឌី វែន បានបញ្ជាក់ពីជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយផ្តល់លក្ខខណ្ឌសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេចក្នុងការកែលម្អទំនាក់ទំនង ប្រសិនបើទីក្រុងតេហ៍រ៉ង់យល់ព្រមបញ្ឈប់រាល់ការរុញច្រានអស្ថិរភាពនៅក្នុងតំបន់ និងបោះបង់ចោលមហិច្ឆតាអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្នុងរយៈពេលវែង ។
អនុប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនៃកិច្ចចរចា ដោយលោកបានរំឭកថា សមិទ្ធផលសំខាន់ៗដូចជាការបើកច្រកសមុទ្រហ័រមូសឡើងវិញសម្រាប់ការធ្វើពាណិជ្ជកម្ម និងការព្រមព្រៀងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនរួមគ្នា ។
កិច្ចចរចាជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងក្នុងទម្រង់ជាកិច្ចប្រជុំបួនភាគី ដោយមានការចូលរួមសម្របសម្រួលពីសំណាក់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងនាយករដ្ឋមន្ត្រីកាតា ដើម្បីធានាដល់ការបន្តតាមដាន និងជំរុញការអនុវត្តកាតព្វកិច្ចនានាដែលបានព្រមព្រៀងគ្នានៅក្នុង «កិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ» ។
ខ្លឹមសារស្នូលនៃកិច្ចព្រមព្រៀងបឋមនេះ គឺជាការប្តេជ្ញាចិត្តរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងការឈានទៅរកការចុះកិច្ចសន្យាជាផ្លូវការក្នុងរយៈពេល ៦០ថ្ងៃ ព្រមទាំងដាក់បញ្ជាឱ្យបញ្ឈប់ការវាយប្រហារ និងការប្រយុទ្ធគ្នានៅលើគ្រប់សមរភូមិ រាប់បញ្ចូលទាំងសមរភូមិដ៏ក្តៅគគុកនៅក្នុងប្រទេសលីបង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (URS FLUEELER/Pool via REUTERS)/ (REUTERS/Stringer/File Photo)/ Reuters on Microsoft Bing.