សង្គម

លោក ឃួង ស្រេង ណែនាំដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត លើការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

image


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កិច្ចប្រជុំនេះ បានស្តាប់បាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលរាយការណ៍ដោយលោកស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមជាមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួន ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀត។

លោកស្រីអ្នកនាំពាក្យបន្តថា ដើម្បីជាធាតុចូល និងការបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ លោក ឃួង ស្រេង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួល ជាដើម ធ្វើយ៉ាងណាឱ្យការអនុវត្តអនុក្រឹត្យលេខ ០៣ កាន់តែមានប្រសិទ្ធិភាព រហូតឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យរដ្ឋបាលខណ្ឌទាំងអស់ ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។
លោកអភិបាល បានលើកឡើងថា ជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ កងកម្លាំង ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ លោកសង្ឃឹមយ៉ាងមុតមាំថាបោកសម្អាតករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធិភាពខ្ពស់៕