កំពង់ផែខេត្តកំពត មិនមានការនាំចូលទំនិញថៃទេ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅពិនិត្យ
កំពត៖ ប្រធានមន្ទីរអធិការកិច្ចខេត្តកំពត លោក ឃី សុខឃឿន បានឱ្យដឹងថា តាមការត្រួតពិនិត្យជាក់ស្តែង មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញថៃ ដែលស្ថិតក្រោមការហាមឃាត់របស់រាជរដ្ឋាភិបាល តាមកំពង់ផែនានាក្នុងខេត្តកំពតនោះទេ។
ការណ៍នេះ ដោយសារថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការយ៉ាងជិតស្និទ្ធក្នុងការតាមដាន និងត្រួតពិនិត្យសកម្មភាពនាំចូលទំនិញ ដើម្បីធានាការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
លោក ឃី សុខឃឿន បានឱ្យដឹងដូចនេះ ពេលចុះត្រួតពិនិត្យស្ថានភាពនៃការនាំចូលទំនិញនៅកំពង់ផែអន្តរជាតិកំពត និងកំពង់ផែគ្រីស្តាល់រ៉ាយ (Crystal Rice) ស្ថិតក្នុងសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោ ក៏បានបញ្ជាក់ដែរថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយតែងតែចុះត្រួតពិនិត្យតាមកំពង់ផែនានាជាប្រចាំ។ រាល់កំពង់ផែដែលស្ថិតក្នុងភូមិសាស្ត្រក្រុងបូកគោ ពុំមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញថៃ ដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាលនោះទេ ខណៈសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងការពារផលប្រយោជន៍សាធារណៈ។
យោងតាមរបាយការណ៍ចុះត្រួតពិនិត្យ បានបញ្ជាក់ថា ក្នុងកំពង់ផែអន្តរជាតិកំពត ស្ថិតភូមិគីឡូ១២ សង្កាត់កោះតូច មានសាឡង់ត៌ចំនួន ៨គ្រឿង មាននាវឹកជនជាតិថៃចំនួន ១៥នាក់ (ស្រី ៣នាក់) ដឹកវត្ថុធាត់ដើមពីប្រទេសថៃ ដូចជា ម្នាងសិលា ថ្មអែនីត្រាយ ស៊ីនីតិចជីបសាំ សម្រាប់យកមកផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រស៊ីម៉ង់ត៏ទាំងបួនក្នុងខេត្តកំពត តាមការបញ្ជាទិញពីរោងចក្រ ចំពោះវត្ថុធាតុដើមម្យ៉ាងទៀត ស៊ឹងស្លែត គឺបាននាំចូលពីប្រទេសអូស្ត្រាលី។ វត្ថុធាតុដើមទាំងអស់នេះមិនស្ថិតក្នុងបញ្ជីហាមឃាត់នៃបញ្ជីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឡើយ។ ចំពោះកំពង់ផែគ្រីស្តាល់រ៉ាយ (កំពង់ផែកែវម៉ាលី) បានពិនិត្យឃើញមានសាឡង់ត៌វៀតណាមចំនួន ៦គ្រឿង មាននាវឹកជនជាតិវៀតណាមចំនួន ១៥នាក់ (ស្រី៣នាក់) ជនជាតិខ្មែរ ៣នាក់ កំពុងត្រៀមដឹកដំឡូងមីស្ងួតទៅដាក់កប៉ាល់នាំចេញទៅប្រទេសចិន និងមិនមានទំនិញនាំចូលពីប្រទេសថៃនោះទេ៕
អត្ថបទ៖ វង្ស សុធារម្យ