តម្លៃប្រេងបន្តធ្លាក់ថ្លៃចុះ ក្រោយកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងប្រទេសស្វីស បញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន
អន្តរជាតិ៖ តម្លៃប្រេងឆៅនៅក្នុងទីផ្សារអន្តរជាតិ បានបន្តធ្លាក់ចុះ នៅក្នុងការជួញដូរនាថ្ងៃចន្ទនេះ បន្ទាប់ពីការចរចាការទូតរវាងមហាអំណាចសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ត្រូវបានបិទបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន នៅក្នុងប្រទេសស្វីស ដែលធ្វើឱ្យក្តីបារម្ភពីការខ្វះខាតប្រេងត្រូវបានកាត់បន្ថយ ។
ជាក់ស្តែង តម្លៃប្រេងឆៅប្រភេទប្រេន (Brent) បានធ្លាក់ចុះជាង ២ ភាគរយ មកនៅត្រឹម ៧៨.៨៩ ដុល្លារក្នុងមួយបារ៉ែល បើទោះបីជាកាលពីពេលបើកឆាកជួញដូរដំបូង តម្លៃនេះបានហក់ឡើងរាងខ្ពស់បន្តិច ដោយសារតែការគំរាមកំហែងផ្នែកពាក្យសម្តីរបស់លោក ដូណាល់ ត្រាំ និងការប្រកាសបិទច្រកសមុទ្រហ័រមូសពីសំណាក់អ៊ីរ៉ង់ក៏ដោយ ។
យោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទីក្រុងតេហ៍រ៉ង់ បានសម្រេចជោគជ័យក្នុងការទទួលបានលិខិតលើកលែងទណ្ឌកម្ម ដើម្បីអាចនាំចេញប្រេង និងផលិតផលគីមីឥន្ធនៈទៅកាន់បរទេសឡើងវិញ ព្រមទាំងទទួលបាននូវទ្រព្យសម្បត្តិជាតិមួយចំនួន ដែលធ្លាប់ត្រូវបានអាមេរិកបង្កកទុក ។
អ្នកជំនាញសេដ្ឋកិច្ចបានវិភាគថា ការយល់ព្រមបន្ធូរបន្ថយនេះ នឹងអនុញ្ញាតឱ្យកម្លាំងផលិតកម្មប្រេងឆៅរបស់អ៊ីរ៉ង់ ជិត ១.៥ លានបារ៉ែលក្នុងមួយថ្ងៃ អាចហូរវិលត្រឡប់ចូលទៅក្នុងទីផ្សារអន្តរជាតិវិញ ដែលវានឹងជួយជំរុញដល់ការផ្គត់ផ្គង់សកល ឱ្យមានភាពសម្បូរបែប និងមានលំនឹងឡើងសារជាថ្មី ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគហិរញ្ញវត្ថុនៅតែបង្ហើបពីក្តីបារម្ភថា ស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែមានហានិភ័យខ្ពស់ ដោយសារតែថ្មីៗនេះ មានការវាយប្រហារដោយរំលោភបំពានបទឈប់បាញ់ពីសំណាក់អ៊ីស្រាអែលទៅលើលីបង់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងសន្តិភាពរយៈពេល ៦០ ថ្ងៃរវាងអាមេរិក និងអ៊ីរ៉ង់។
ក្រៅពីការរំពឹងទុកលើការដកទណ្ឌកម្មរបស់អ៊ីរ៉ង់ ទីផ្សារប្រេងក៏ទទួលបានសញ្ញាវិជ្ជមានបន្ថែម ពីការបង្កើនការផ្គត់ផ្គង់ពីបណ្តាប្រទេសផលិតប្រេងធំៗដទៃទៀត រួមមាន ប្រទេសអារ៉ាប់រួម គុយវែត និងប្រទេសអ៊ីរ៉ាក់ ដែលត្រៀមស្តារការផលិតឡើងវិញ រហូតដល់ទៅជាង ៤ លានបារ៉ែលក្នុងមួយថ្ងៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA| រូបភាព៖ REUTERS/Nathan Howard/Pool/ Reuters & Sipping Telegraph on Microsoft Bing.