សង្គម

ក.ប.ប. ពិន័យហាង «ចរណៃ» ករណីធ្វើឱ្យអតិថិជនភាន់ច្រឡំរវាងត្រីសាម៉ុន និងត្រីត្រោត

image


ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលប្រកបអាជីវកម្មលក់ និងចែកចាយត្រីក្លាសេ និងផលិតផលម្ហូបអាហារ។ ជាលទ្ធផល ក្រុមការងារបានរកឃើញថា ហាងនេះបានធ្វើសកម្មភាពដែលអាចបង្កឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលជាទង្វើផ្ទុយនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។

បន្ទាប់ពីការត្រួតពិនិត្យ មន្ត្រីជំនាញបានពន្យល់ជូនតំណាងម្ចាស់ហាងអំពីបទប្បញ្ញត្តិនៃមាត្រា៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ ហើយបានអនុវត្តការពិន័យអន្តរការណ៍ស្របតាមច្បាប់ក្នុងទំហំទឹកប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល។ ជាមួយគ្នានេះ ក.ប.ប. បានណែនាំឱ្យហាងកែតម្រូវជាបន្ទាន់ ដោយដាក់ស្លាកបញ្ជាក់ប្រភេទ និងតម្លៃត្រីឱ្យបានច្បាស់លាស់ ព្រមទាំងតាំងបង្ហាញផលិតផលដោយឡែកពីគ្នានៅគ្រប់សាខាទូទាំងរាជធានី-ខេត្ត។

អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា នឹងបន្តពង្រឹងការត្រួតពិនិត្យទីផ្សារ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ព្រមទាំងធានាបរិយាកាសប្រកួតប្រជែងដោយសុចរិត។ ទន្ទឹមនឹងនេះ សាធារណជនត្រូវបានអំពាវនាវឱ្យចូលរួមរាយការណ៍អំពីករណីបំពានដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬសុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរស័ព្ទ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម៕