អាជ្ញាធររាជធានីភ្នំពេញ បន្តបើកប្រតិបត្តិការចុះពិនិត្យទីតាំង ៦៤កន្លែង រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី
ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ ធ្វើឡើងនៅទីតាំង ៦៤កន្លែង និងបានរកឃើញជនបរទេសស្នាក់នៅសរុប ចំនួន ៣០៦នាក់ (ស្រី ៩០នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ មិថុនានេះ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងចំណោម ៦៤ទីតាំងនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណីរួមមាន៖
១. នៅខុនដូរភ្នំពេញកាឡាក់ស៊ីហ្គាដេន អគារB បន្ទប់លេខ១៦០៤ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖ទូរស័ព្ទ ១គ្រឿង និងTablet ៤គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកក្លែងកិច្ចសន្យា ឬឆបោកប្រាក់កម្ចី។
២. នៅអាគារខុនដូរដដែល ក្នុងបន្ទប់លេខ២៤០២ គ្មានមនុស្សសា្នក់នៅ និងដកហូតសម្ភារ រួមមាន៖ ទូរស័ព្ទ ១៣គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកឧបករណ៍បម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
លោកស្រី ដោ សម្ផស្ស បានបន្តថា ពាក់ព័ន្ធនឹងការងារចុះពិនិត្យនេះដែរ ក្រុមការងារខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំង LH Residence ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ក្នុងអគារA បន្ទប់លេខ៦០៥ ជាន់ទី៦ និងអគារB បន្ទប់លេខ៨០១ ជាន់ទី៨ បានរកឃើញបទល្មើសចំនួន ១ករណី ដោយបានដកហូតសម្ភារៈកុំព្យូទ័រ All in one ចំនួន ៥គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកទិន្នន័យវេបសាយសម្រាប់ចែកចាយរូបភាព និងវីដេអូអាសអាភាសតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី
លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ម្សិលម៉ិញនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕