សង្គម

កម្ពុជា បើកផ្លូវដឹកជញ្ជូនកសិផលឆ្លងកាត់ឡាវទៅចិន ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនពី ២០ថ្ងៃ មកត្រឹម ១សប្តាហ៍

image


វៀងចន្ទន៍៖ កម្ពុជា បើកសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយពេលវេលាដឹកជញ្ជូនមកត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនឯកជនកម្ពុជាចំនួន ៣០ក្រុមហ៊ុន។

សមិទ្ធផលថ្មីនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារកសិផលកម្ពុជា និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទៅកាន់ទីផ្សារចិន ក្រោយពីមានកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសឡាវ។

ច្រកដឹកជញ្ជូនថ្មីនេះ នឹងអនុញ្ញាតឱ្យកម្ពុជាដឹកជញ្ជូនកសិផលចំនួន ៦មុខទៅកាន់ទីផ្សារចិន រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន ដែលជាកសិផលសំខាន់ៗមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ។

ថ្លែងអំពីសមិទ្ធផលនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការបើកច្រកដឹកជញ្ជូនថ្មីនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងកសិកម្ម ក្នុងរយៈពេល ៦ខែចុងក្រោយនេះដើម្បីបង្កើតជម្រើសថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា។

លោកបានបញ្ជាក់ថា ក្នុងឱកាសសម្ពោធផ្លូវដឹកជញ្ជូនថ្មីនេះ កម្ពុជាបាននាំចេញផ្លែទុរេនចំនួន ៤កុងតឺន័រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា អត្ថប្រយោជន៍សំខាន់នៃផ្លូវដឹកជញ្ជូនថ្មី គឺអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនពីចន្លោះ ១៥ ទៅ ២០ថ្ងៃ មកនៅត្រឹមប្រមាណ ១សប្តាហ៍ប៉ុណ្ណោះ។ ការកាត់បន្ថយពេលវេលានេះ នឹងជួយរក្សាគុណភាពកសិផលស្រស់ ជាពិសេសផ្លែទុរេន ស្វាយ និងមៀនប៉ៃលិន ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញក្នុងការដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។

លោកបានបង្ហាញក្តីសង្ឃឹមថា ប្រជាកសិករ និងអាជីវករកម្ពុជា នឹងចាប់យកឱកាសថ្មីនេះ ដើម្បីពង្រីកការផលិត និងការនាំចេញ ក៏ដូចជាបង្កើនតម្លៃបន្ថែមដល់វិស័យកសិកម្មកម្ពុជា ស្របតាមគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ព្រឹត្តិការណ៍នេះ ត្រូវបានមើលឃើញថា ជាការបើកទំព័រថ្មីមួយសម្រាប់វិស័យកសិកម្មកម្ពុជា ក្នុងការភ្ជាប់ខ្លួនកាន់តែជិតស្និទ្ធទៅនឹងទីផ្សារចិន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិផលក្នុងតំបន់៕