អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ត្រូវបានហៅមកសួរនាំ ក្រោយស្រ្តីម្នាក់ បានប្តឹងករណីចាប់កូនគាត់ ជាមន្រ្តីជាប់កិច្ចសន្យាចរាចរណ៍ រហូតបង្ខំឲ្យលោតពីលើសាឡាង លង់ទឹកស្លាប់
កណ្ដាល៖ នគរបាលខេត្តកណ្ដាល បានកោះហៅអធិការរងខណ្ឌជ្រោយចង្វាម្នាក់ឈ្មោះ សម រីណា ទៅសួរនាំ ក្រោយស្ត្រីម្នាក់ បានប្ដឹងបុគ្គលនេះ ទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ថា បានចាប់ខ្លួនកូនគាត់ញាត់ចូលឡានដោយមិនដឹងមូលហេតុ និងវាយធ្វើបាប ចោទថា លួចគាស់បន្ទប់ជួលភរិយារបស់ខ្លួន ដែលជាហេតុនាំឲ្យកូនគាត់ ជាមន្ត្រីកិច្ចសន្យានគរបាលចរាចរណ៍ផងនោះ ភ័យពេក ក៏លោតពីលើសាឡាងភ្នំពេញ-អរិយក្សត្រ ចូលទឹកទន្លេបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអធម ។
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ហេតុការណ៍ចាប់មនុស្សបញ្ជូលរថយន្តបណ្តាលឱ្យយុវជនម្នាក់ ឈ្មោះ ចាន់ ណារ៉ុង អាយុ ១៩ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានគរបាលចរាចរណ៍ លោតទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ២០២៦ នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ហើយសពបានរកឃើញនៅម្តុំកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងពេលចុះទៅឃាត់មនុស្ស ក្នុងសម្លៀកបំពាក់ស៊ីវិល មិនស្ថិតក្នុងដែលសមត្ថកិច្ចរបស់ខ្លួន លោកវរៈសេនីយ៍ទោ សម រីណា ដែលស្គាល់ថា ជាអធិការរងនគរបាលខណ្ឌជ្រោយចង្វារ ពុំបានសហការ ឬផ្តល់ដំណឹងដល់សមត្ថកិច្ចមូលដ្ឋាននោះទេ។ ទាល់តែថ្ងៃទី១៩ ខែមិថុនា ក្រោយបាត់ខ្លួនកូនប្រុស រកមិនឃើញ បន្ទាប់ពីលោតពីលើសាឡាង ទើបម្តាយជនរងគ្រោះ ឈ្មោះ យន ម៉ាលីស មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ហើយបច្ចុប្បន្ន លោក សម រីណា កំពុងត្រូវបានសាមីអង្គភាព ធ្វើការសាកសួរ ទើបនាំគាត់មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល សាកសួរដើម្បីអនុវត្តនីតិវិធី។
តាមរបាយការណ៍ កាលពីរសៀលថ្ងៃទី១៧ មិថុនា កន្លងទៅ ប្រពន្ធរបស់លោក សម រីណា ជាម្ចាស់ផ្ទះជួល បានទូរស័ព្ទទៅកូនប្រុសគាត់ ឈ្មោះ ចាន់ សម្បត្តិ ជាបងរបស់ជនរងគ្រោះ ចាន់ ណារ៉ុង មកយកលុយចាយនៅម្តុំផ្សាររាត្រី ពេលមកដល់ក៏ត្រូវគេចាប់រុញចូលឡាន ហើយលោក សម រីណា បានសម្លុតឱ្យប្រាប់កន្លែងជនរងគ្រោះ ដោយភ័យ រូបគេក៏បានទូរស័ព្ទទៅមិត្តស្រីរបស់ ចាន់ ណារ៉ុង ទើបដឹងថា ប្អូនប្រុសកំពុងនៅជាមួយសង្សារនៅឯព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ហើយក៏នាំទៅ។ ពេលទៅដល់មុខផ្ទះ លោក សម រីណា ឈប់ឡានហើយស្រែកហៅ ចាន់ ណារ៉ុង ពេលជនរងគ្រោះចេញមក ក៏នាំគ្នាស្ទុះទៅក្របួចកអាវហើយចាប់ញាត់ចូលឡាន រួចឱ្យគ្នីគ្នាម្នាក់ជិះម៉ូតូជនរងគ្រោះចេញ និងបានប្រាប់សង្សារជនរងគ្រោះថា បើចង់ដឹងច្បាស់ទាក់ទងតាមលេខទូរស័ព្ទ ០៨៨ ៣០ ៦៥ ៥៥៥ រួចក៏បើកចេញបាត់ទៅ។ ពេលធ្វើដំណើរ ក្រុមរបស់លោក សម រីណា បានវាយធ្វើបាបសួររឿងលួចគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិ រហូត ចាន់ ណារ៉ុង ទទួលស្គាល់ ហើយពេលសាឡាងកំពុងធ្វើដំណើរជិតដល់ពាក់កណ្តាលទន្លេ ជនរងគ្រោះក៏សុំបត់ជើងតូច និងបានលោតចូលក្នុងទន្លេតែម្តងទៅ។ បន្ទាប់ជនរងគ្រោះលោតទឹកទន្លេបាត់ខ្លួនមក, លោកស្រី ស បញ្ញា ហៅដេត ប្រពន្ធលោក សម រីណា បានទូរស័ព្ទមកម្តាយជនរងគ្រោះ ឱ្យប្រញាប់ឡើងមកភ្នំពេញ ដោះស្រាយសងសំណងចំនួន ៣,០០០ដុល្លារ រឿង ចាន់ ណារ៉ុង លួចគាស់បន្ទប់ជួល ហើយពេលទៅដល់ម្តុំអូតែលសុខា, អ្នកស្រី ក៏សុំម៉ូតូដែលក្រុមលោក សម រីណា ដកហូតដើម្បីជិះស្វែងរកកូន ប៉ុន្តែ លោកស្រី ស បញ្ញា មិនឱ្យនោះទេ និងបានដេញ ២នាក់ម្តាយកូន ចេញពីផ្ទះទៀតផង។
របាយការណ៍ដដែលបន្តថា ដោយតាមរកកូនប្រុសមិនឃើញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្រី ក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ និងបានតាមរកសពកូន ឃើញអណ្តែតលើទន្លេមេគង្គម្តុំកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត និងស្នើសុំឱ្យសមត្ថកិច្ចជួយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ផង៕
អត្ថបទ៖ ឈុន សុភ័ក្រ