ព័ត៌មានអន្តរជាតិ

អាម៉េរិកព្រមានដាច់ខាត ដោយមិនឱ្យអ៊ីរ៉ង់ទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូសឡើយ

image

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃអង្គារ បានប្រកាសយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក មិនទទួលយកការទារថ្លៃពន្ធ ឬថ្លៃសេវាឆ្លងកាត់ណាមួយពីសំណាក់ប្រទេសអ៊ីរ៉ង់ លើច្រកសមុទ្រហ័រមូស (Hormuz) ឡើយ ដោយសារតែទីនោះ ជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល ។
 
វិធានការណ៍សេដ្ឋកិច្ចដ៏តឹងរ៉ឹងនេះ កើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើផ្លូវទឹកនេះ និងកំពុងសិក្សាដើម្បីទារប្រាក់កម្រៃសេវាកម្មពីកប៉ាល់ពាណិជ្ជកម្មនានា បន្ទាប់ពីការបិទខ្ទប់ច្រកសមុទ្រកាលពីពេលសង្រ្គាម បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងថ្លៃ និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ។
 
ទោះជាយ៉ាងណាក្ដី ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហ៍រ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបើកដំណើរការចរចារយៈពេល ៦០ ថ្ងៃ ក្នុងប្រទេសស្វីស ដោយនៅក្នុងនោះ ក្រសួងរតនាគារជាតិអាម៉េរិក បានសម្រេចចិត្តដកទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេងរបស់អ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់ពាក់កណ្តាលខែសីហា ដើម្បីអនុញ្ញាតឱ្យអ៊ីរ៉ង់អាចផលិត និងលក់ប្រេងឆៅឡើងវិញ ។
 
ជាផ្នែកមួយនៃលក្ខខណ្ឌសេដ្ឋកិច្ចប្ដូរនឹងសន្តិភាពនេះ អាម៉េរិកក៏បានយល់ព្រមបញ្ចេញសាច់ប្រាក់ដែលបានបង្កកទុករបស់អ៊ីរ៉ង់ ចំនួន ១២ ពាន់លានដុល្លារ ត្រឡប់ទៅឱ្យទីក្រុងតេហ៍រ៉ង់វិញ ក្នុងគោលបំណងបើកផ្លូវទឹកច្រកសមុទ្រហ័រមូស (Hormuz) ឱ្យដំណើរការសារជាថ្មី ដែលបច្ចុប្បន្នអាចស្តារឡើងវិញបានប្រហែល ៤០ ភាគរយនៃកម្រិតធម្មតា ។
 
ទោះបីជាមានការបន្ធូរបន្ថយផ្នែកសេដ្ឋកិច្ចក៏ដោយ សម្ពាធនយោបាយ និងយោធានៅតែមានភាពតានតឹងខ្លាំង ដោយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្កៀន (Masoud Pezeshkian) គូសបញ្ជាក់យ៉ាងដាច់អហង្ការថា «ប្រសិនបើគ្មានប្រព័ន្ធមីស៊ីលការពារខ្លួនទាំងនេះទេ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ច្បាស់ជាវាយកម្ទេចអ៊ីរ៉ង់ ឱ្យក្លាយទៅជាដូចតំបន់ហ្គាហ្សាបាត់ទៅហើយ» ដោយលោកសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនយកសមត្ថភាពការពារជាតិរបស់ខ្លួន មកធ្វើជាការដោះដូរនៅលើតុចរចាជាដាច់ខាត ។
 
ក្រៅពីបញ្ហាមីស៊ីល ភាគីទាំងពីរ ក៏កំពុងមានភាពមិនចុះសម្រុងគ្នាចំពោះការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរផងដែរ ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) អះអាងថា អ៊ីរ៉ង់ព្រមឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលពិនិត្យទីតាំងដែលរងការទម្លាក់គ្រាប់បែក កាលពីឆ្នាំ២០២៥ ប៉ុន្តែខាងមន្ត្រីការទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចេញមុខបដិសេធការអះអាងនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ (REUTERS/Eric Lee)/ (REUTERS/Mohammed Aty/File Photo).