ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន៖ ពង្រឹងមិត្តភាពដែកថែប ពង្រីកទីផ្សារកសិផល ទាក់ទាញវិនិយោគ និងទេសចរចិនបន្ថែម
ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចាត់ទុកថា ជាបេសកកម្មការទូតដ៏មានសារៈសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងជាប្រពៃណី និងលើកកម្ពស់មិត្តភាពដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែស៊ីជម្រៅ ខណៈស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែមានសារៈសំខាន់ផ្នែកនយោបាយ និងការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅចំពោះវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរផងដែរ។
ក្នុងបរិបទដែលតំបន់កំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ចិនត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ដែលបានរួមចំណែកជំរុញការសន្ទនា ការចរចា និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងផលប្រយោជន៍រួមនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។
បើនិយាយពីវិស័យសេដ្ឋកិច្ច ដំណើរទស្សនកិច្ចនេះក៏ត្រូវបានរំពឹងថា នឹងជួយពង្រីកកាលានុវត្តភាពថ្មីៗសម្រាប់ការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំជាងគេមួយរបស់ពិភពលោក។ ជាពិសេស កម្ពុជានឹងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា អង្ករ ស្វាយចន្ទី ស្វាយ ចេកអំបូង ដំឡូងមី ទុរេន និងផលិតផលកសិកម្មផ្សេងៗទៀត ដែលកំពុងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ចិនកាន់តែច្រើន។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសចិនក្នុងទំហំទឹកប្រាក់ប្រមាណ ៧៥៣លានដុល្លារអាម៉េរិក កើនឡើង ១៨,៨% ខណៈការនាំចូលពីចិនមានទំហំទឹកប្រាក់ប្រមាណ ៨,៦៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងជាបន្តបន្ទាប់នៃសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ជាមួយគ្នានេះ សម្តេចតេជោក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅទីក្រុងប៉េកាំងផងដែរ។
ចំពោះវិស័យវិនិយោគ និងទេសចរណ៍ កម្ពុជា កំពុងប្រើប្រាស់គោលនយោបាយបើកចំហ និងវិធានការលើកទឹកចិត្តនានា ដើម្បីទាក់ទាញវិនិយោគិន អ្នកធុរកិច្ច និងភ្ញៀវទេសចរចិន។ ជាក់ស្តែង ការសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ បង្កើនចំនួនភ្ញៀវទេសចរ និងបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅទីក្រុងប៉េកាំងសាធារ ណរដ្ឋប្រជាមានិតចិនផងដែរ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយសហគមន៍ធុរកិច្ចចិនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
សូមជម្រាបថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត៕