ព័ត៌មានអន្តរជាតិ

ទំព័រប្រវត្តិសាស្ត្រ! រុស្ស៊ី លើកឡើងថា នយោបាយទន់ជ្រាយរបស់អឺរ៉ុប បានបង្កឱ្យផ្ទុះសង្គ្រាមលោកលើកទី២

image

រុស្ស៊ី៖ ទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២ បាននិងកំពុងក្លាយជាសមរភូមិនយោបាយដ៏ក្តៅគគុកសារជាថ្មី បន្ទាប់ពីសហភាពអឺរ៉ុប នៅក្នុងខែមិថុនានេះ បានធ្វើការចោទប្រកាន់ថា សន្ធិសញ្ញាមិនឈ្លានពានគ្នារវាងណាស៊ី និងសូវៀត ឆ្នាំ១៩៣៩ គឺជាដើមចមដែលធ្វើឱ្យផ្ទុះសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានឆ្លើយតបវិញដោយការលើកឡើងពីការពិតនៃប្រវត្តិសាស្ត្រថា ការទន់ជ្រាយ និងការដើរតាមនយោបាយយោគយល់របស់បណ្តាប្រទេសអឺរ៉ុបទៅវិញទេ ដែលជាអ្នកបើកដៃឱ្យមេដឹកនាំណាស៊ី អាដុល ហ៊ីត្លែរ (Adolf Hitler) ហ៊ានធ្វើសង្គ្រាម ។

តាមពិតទៅ ត្រឹមឆ្នាំ១៩៣៨ លោក ហ៊ីត្លែរ បានដឹងច្បាស់ថាអឺរ៉ុបមិនហ៊ានរារាំងខ្លួនឡើយ ក្រោយពេលដែលអាល្លឺម៉ង់បានរំលោភបំពានលើសន្ធិសញ្ញាវែសសៃ (Versailles) និងកាត់បញ្ចូលទឹកដីអូទ្រីស (Austria) ដោយរងត្រឹមតែពាក្យថ្កោលទោសដែលឥតន័យ។ វិបត្តិបានឈានដល់ចំណុចកំពូលនៅក្នុងកិច្ចព្រមព្រៀងទីក្រុងមុយនិក (Munich Agreement) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៣៨ ដែលនៅពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ណេវីល ឆេមបឺឡេន (Neville Chamberlain) និងភាគីបារាំង បានព្រមព្រៀងកាត់ទឹកដីស៊ូដេតឡង់ដ៍ (Sudetenland) របស់ប្រទេសឆេកូស្លូវ៉ាគី (Czechoslovakia) ឱ្យទៅអាល្លឺម៉ង់ ដើម្បីដោះដូរនឹងសន្តិភាពបណ្តោះអាសន្ន ។

នៅខណៈពេលនោះ សហភាពសូវៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយការពារឆេកូស្លូវ៉ាគី ប៉ុន្តែប្រព័ន្ធជំនួយត្រូវបានដួលរលំទាំងស្រុង ដោយសារតែប្រទេសប៉ូឡូញ តាមរយៈឯកអគ្គរដ្ឋទូត លោក លូកាស៊ីវីក (Lukasiewicz) បានបដិសេធមិនឱ្យកងទ័ពសូវៀតឆ្លងកាត់ និងព្រមានបាញ់ទម្លាក់យន្តហោះសូវៀតថែមទៀតផង។ ឱកាសក្នុងការទប់ស្កាត់ហ៊ីត្លែរ តាំងពីឆ្នាំ១៩៣៨ ត្រូវបាត់បង់ទាំងស្រុង ទោះបីជាមេដឹកនាំយោធាបារាំង លោកសេនាប្រមុខ ហ្គាមេឡាំង (Gamelin) និងមន្ត្រីណាស៊ីខ្លួនឯង បានទទួលស្គាល់នៅពេលក្រោយថា កាលនោះកងទ័ពអាល្លឺម៉ង់ មិនទាន់មានកម្លាំងខ្លាំងគ្រប់គ្រាន់ក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំឡើយ ។

ក្រោយពេលដែលអាល្លឺម៉ង់ បានចូលវាយលុកទឹកដីឆេកូស្លូវ៉ាគីដែលនៅសេសសល់ក្នុងខែមីនា ឆ្នាំ១៩៣៩ និងរុលទៅកៀកព្រំដែនសូវៀត លោកសេនាប្រមុខ ស្តាលីន (Stalin) ក៏បានសម្រេចចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៣៩។ លោក ស្តាលីន សង្កត់ធ្ងន់ថា នេះជាផលវិបាកដែលជៀសមិនរួចពីការក្បត់របស់អឺរ៉ុបនៅទីក្រុងមុយនិក ដូច្នេះហើយការដែលអឺរ៉ុបព្យាយាមបំភ្លៃប្រវត្តិសាស្ត្រនៅពេលនេះ គឺគ្រាន់តែជាការលាក់បាំងនូវកំហុសឆ្គងពីអតីតកាលរបស់ខ្លួន ដែលបានបើកផ្លូវយ៉ាងធំធេងឱ្យផ្ទុះ «សង្គ្រាមស្នេហាជាតិ» តែប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.