សង្គម

រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់គ្រូពេទ្យ ផ្តល់សេវាសុខភាពផ្លូវចិត្ត ត្រូវតែគោរពសិទ្ធិសម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង

image


ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញ លើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្តក្នុងគោលបំណង ស្វែងយល់ពីបន្ទុកនៃជំងឺផ្លូវចិត្ត និងពិនិត្យឡើងវិញលើ សេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត ព្រមទាំងរៀបចំសេចក្តីព្រាងណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើសនៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយនៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។ ការផ្តល់សេវាសុខភាពផ្លូវចិត្តត្រូវតែផ្ដោតលើអ្នកជំងឺ ដោយត្រូវគោរពសិទ្ធិសម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង។

បន្ថែមពី លោកសាស្រ្តាចារ្យ បានណែនាំដល់ការបម្រើសេវាត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សុខភាពផ្លូវចិត្តនៅតាមមណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមាននិយាមបណ្ដុះបណ្ដាល នៅតាមរាជធានីខេត្ត ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីសម្រួចដល់ការកែលម្អគុណភាព ពីព្រោះគុណភាពអាចកើតមាន លុះត្រាតែមានការជួយគាំទ្រ ការតាមដាន និងវាយតម្លៃ និងការហ្វឹកហាត់ជាប្រចាំផងដែរ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ឱ្យខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកលឱ្យបានមានប្រសិទ្ធភាព និងត្រូវពង្រឹងការបម្រើសេវាដោយផ្តោតលើអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយនោះ ត្រូវខិតខំនិយមបណ្តុះបណ្តាល សេចក្ដីណែនាំគ្លីនិកនៃសំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត ដើម្បីជាឧបករណ៍ និងគ្រូបង្គោលសម្រាប់អភិវឌ្ឍវិជ្ជាជីវៈបន្ត និងត្រូវបង្កើតវប្បធម៌នៃការកែលម្អ និងលើកកម្ពស់គុណភាពនៅគ្រប់កម្រិតនៃសេវាសុខភាពផ្លូវចិត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សុខភាពផ្លូវចិត្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ជាផ្នែកមួយក្នុងសុខភាពសាធារណៈ។ ដូច្នេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវ ៖ ១) បង្កើនសមត្ថភាព ដោយមានកិច្ចសហការ និងស្វាគមន៍ការចូលរួមរបស់ដៃគូ ២) ត្រូវនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកៀរជិតដល់ប្រជាពលរដ្ឋ ៣) កសាងសមត្ថភាពរបស់មន្រ្តី បុគ្គលិករបស់យើងគ្រប់កម្រិត ដូច្នេះសូមឱ្យក្នុងរបត់នៃការប្រើប្រាស់សេវាទាំងចិត្តសាស្រ្ត និងឱសថត្រូវឱ្យបានល្អ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ