កម្ពុជា បោះជំហានថ្មីក្នុងការពង្រឹងវិស័យភស្តុភារកម្ម តាមរយៈសេចក្តីព្រាងច្បាប់ថ្មី
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) បានដឹកនាំកិច្ចប្រជុំ «គណៈកម្មាធិការជាតិភស្តុភារកម្មលើកទី១២» ដោយមានការចូលរួមពីអនុប្រធាន សមាជិក-សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម» ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្ម ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាព លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅរាជរដ្ឋាភិបាល។ ជាក់ស្តែង ក្រុមការងារបានប្រមូលធាតុចូលចំនួន ៥លើក និងរៀបចំកិច្ចប្រជុំពិភាក្សាចំនួន ៦៦លើក ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់នេះ មានតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ ការសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់បរិយាកាសវិនិយោគក្នុងវិស័យភស្តុភារកម្ម៕