ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតអ៊ីស្រាអែល ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខាភិបាលឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតវេជ្ជសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស សុខភាពកុមារ និងវេជ្ជសាស្រ្តគ្រោះអាសន្ន
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតដ៏សកម្មរបស់ភាគីអ៊ីស្រាអែល ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ពិសេសលើវិស័យសុខាភិបាល ដែលជាសសរស្តម្ភដ៏សំខាន់មួយ។
ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងឯកភាពលើទិសដៅអាទិភាពសំខាន់ៗ ដូចជា៖
១.ការអភិវឌ្ឍសុខាភិបាលឌីជីថល និងបច្ចេកវិទ្យា៖ ជំរុញការប្រើប្រាស់ទូរវេជ្ជសាស្ត្រ (Telemedicine) បញ្ញាសិប្បនិម្មិតវេជ្ជសាស្ត្រ (Medical AI) និងការធ្វើរោគវិនិច្ឆ័យពីចម្ងាយ ដើម្បីពង្រីកវិសាលភាពសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមខេត្ត និងតំបន់ជនបទ។
២.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញ៖ ភាគីអ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់គ្រូពេទ្យ គិលានុបដ្ឋាក និងមន្ត្រីគ្រប់គ្រងសុខាភិបាលកម្ពុជា លើផ្នែកវះកាត់ឯកទេស សេវាសង្គ្រោះបន្ទាន់ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ។
៣.សុខភាពកុមារ និងវេជ្ជសាស្ត្រគ្រោះមហន្តរាយ៖ ផ្តោតលើការពិនិត្យជំងឺអូទីសឹម (Autism) និងការថែទាំកុមារដំណាក់កាលដំបូង ព្រមទាំងការសិក្សាដកស្រង់បទពិសោធន៍ពីអ៊ីស្រាអែលលើផ្នែកវេជ្ជសាស្ត្រគ្រោះមហន្តរាយ ការឆ្លើយតបបន្ទាន់ និងការថែទាំរបួស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជួរមុខ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើ៖ ការលើកកម្ពស់សុខភាព, ការបង្ការ-គ្រប់គ្រងជំងឺឆ្លងនិងមិនឆ្លង, ការត្រៀមឆ្លើយតបនឹងជំងឺរាតត្បាត, ការពង្រឹងគុណភាពសេវា និងនវានុវត្តន៍ឌីជីថល។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល សហការជិតស្និទ្ធជាមួយស្ថានទូតអ៊ីស្រាអែល ដើម្បីបង្កើតយន្តការទំនាក់ទំនងផ្លូវការ និងបន្តពិនិត្យលទ្ធភាពរួមគ្នាលើការស្រាវជ្រាវវេជ្ជសាស្ត្រ កិច្ចសហការខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នសុខាភិបាលនៃប្រទេសទាំងពីរ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ