អភិបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ពង្រឹងការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ជាពិសេសសេវា សុរិយោដី ឲ្យមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាងមុន
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ជាពិសេសសេវាសុរិយោដី ឲ្យមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាងមុនថែមទៀត។ ការជំរុញបែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខណៈលោក និងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញស្តីពីការពិភាក្សាលេីការជំរុញការផ្តល់សេវាសាធារណៈ ជាពិសេសសេវាសុរិយោដី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីស្តាប់របាយការណ៍របស់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ស្តីពីវឌ្ឍនភាព នៃការផ្តល់សេវាសុរិយោដីរួចមក លោក គង់ វិបុល បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺជារឿងល្អបំផុត ធ្វើយ៉ាងណាឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាចបន្ស៊ីការងាររបស់ខ្លូន និងពិភាក្សារិះរកមធ្យោបាយ ដើម្បីជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសេីរ។ ជាមួយគ្នានេះដែរ លោកបានជូនលោកអគ្គនាយករងធ្វេីបទបង្ហាញខ្លី ស្តីពី យន្តការនៃការផ្តល់សេវាបង់ពន្ធប្រថាប់ត្រា និងការបង់ពន្ធនានាដែលអគ្គនាយកដ្ឋានបាននិងកំពុងអនុវត្ត ដោយប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហើយផ្តល់លទ្ធភាពជូនមន្ត្រី និងប្រជាពលរដ្ឋអាចមេីលឃេីញពីលំហូរចរន្តការលិខិតស្នាមបានដោយងាយស្រួល។
កិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង បានផ្តល់យោបល់ថា គួរមានយន្តការ ទំនាក់ទំនងផ្ទៃក្នុងរវាងមន្ត្រីផ្តល់សេវាទាំងភាគីអគ្គនាយកដ្ឋានពន្ធដារទាំងអង្គភាពច្រកចេញចូលតែមួយ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដេីម្បីជំរុញនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសេីរ ហើយការលេីកឡេីងនេះត្រូវបានទទួលការឯកភាពពី លោក គង់ វិបុល ផងដែរ។
ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសេីរ ពិសេសការផ្ដល់សេវាសុរិយោដី និងជំរុញផ្សព្វផ្សាយបន្ថែមពីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផងដែរ៕