ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានដាច់ណាត់ថា នឹងសម្រេចគោលដៅនៅអ៊ុយក្រែន មិនថានៅលើតុចរចា ឬនៅលើសមរភូមិនោះឡើយ

image

រុស្ស៊ី៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ (Dmitri Medvedev) កាលពីថ្ងៃពុធ បានប្រកាសជំហរយ៉ាងរឹងមាំថា ប្រទេសរុស្ស៊ី នឹងសម្រេចឱ្យបាននូវរាល់គោលដៅយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកបានបញ្ជាក់ច្បាស់ៗថា ប្រសិនបើមិនអាចទទួលបានលទ្ធផលនៅលើតុចរចានោះទេ នោះរុស្ស៊ីនឹងដណ្តើមយកនៅលើសមរភូមិផ្ទាល់តែម្តង ។

លោក មេដវ៉េដេវ (Medvedev) បានរិះគន់ធ្ងន់ៗដល់រដ្ឋាភិបាលទីក្រុងគីវ ដោយលើកឡើងថា ថ្នាក់ដឹកនាំអ៊ុយក្រែនបច្ចុប្បន្ន កំពុងតែអស់អំណាចស្របច្បាប់ទៅហើយ និងមិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពនោះទេ ដូច្នេះមានតែការបង្កើនកម្លាំងយោធា និងសាមគ្គីភាពជុំវិញមាគ៌ារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) ប៉ុណ្ណោះ ទើបជាការធានាដ៏ល្អបំផុតសម្រាប់រុស្ស៊ី។

មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះ ក៏បានព្រមានខ្លាំងៗទៅកាន់បណ្តាប្រទេសលោកខាងលិច ជុំវិញការលេងសើចនឹងរឿងអាវុធនុយក្លេអ៊ែរ ដោយលោកចាត់ទុកមេដឹកនាំអឺរ៉ុបមួយចំនួនថាជាមនុស្សមិនមានភាពឆ្លាតវៃ និងមើលមិនឃើញផ្លូវដ៏វែងឆ្ងាយ ដែលព្យាយាមដាក់សម្ពាធឱ្យរុស្ស៊ីបរាជ័យ ប៉ុន្តែលោកជឿថា ពួកគេដឹងច្បាស់ពីមហន្តរាយនៃសង្រ្គាមនុយក្លេអ៊ែរ ហើយវានឹងមិនផ្តល់ផលល្អឡើយ បើនៅតែបន្តលេងល្បែងដ៏គ្រោះថ្នាក់នេះ ។

ក្រៅតែពីបញ្ហាសង្រ្គាម លោក មេដវ៉េដេវ (Medvedev) បានធ្វើការវាយប្រហារសហភាពអឺរ៉ុប ថាកំពុងស្ថិតនៅក្រោមការដឹកនាំដោយមនុស្សខ្វះសមត្ថភាព និងចោទប្រកាន់ប្រទេសអាល្លឺម៉ង់ ថាបច្ចុប្បន្នកំពុងគ្រប់គ្រងដោយក្រុមអ្នកបន្តវេនមនោគមវិជ្ជាណាស៊ី ខណៈដែលលោកអះអាងថា រុស្ស៊ីកំពុងទទួលបានការគាំទ្រ និងមានជំហរស្របគ្នាជាមួយបណ្តាប្រទេសនៅតំបន់កំពុងអភិវឌ្ឍន៍នាប៉ែកខាងត្បូង ដែលស្អប់ខ្ពើមប្រវត្តិសាស្ត្រអាណានិគមរបស់អឺរ៉ុប ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.