រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ពិភពលោកទាំងមូល ប្រឆាំងដាច់ខាតចំពោះការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រហ័រមូស
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានប្រកាសយ៉ាងច្បាស់ៗចេញពីទីក្រុងគុយវេត (Kuwait) កាលពីថ្ងៃពុធថា ពិភពលោកទាំងមូលនឹងរួមគ្នាបដិសេធ និងប្រឆាំងដាច់ខាតចំពោះរាល់យន្តការទាំងឡាយណាដែលចង់ទារប្រាក់ ឬថ្លៃសេវាលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ។
លោក រ៉ូប៊ីយ៉ូ (Rubio) បានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញជំហរច្បាស់លាស់រួចហើយថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ គឺជាផ្លូវទឹកអន្តរជាតិ ដូច្នេះការបើកច្រកសមុទ្រគឺត្រូវតែធ្វើឡើងដោយសេរី និងឥតគិតថ្លៃ ហើយលោកជឿជាក់ថាក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ទាំងអស់ នឹងគាំទ្រអាម៉េរិកលើរឿងនេះ ដោយលើកលែងតែអ៊ីរ៉ង់មួយប៉ុណ្ណោះ ។
ការចេញមុខតវ៉ាយ៉ាងក្តៅគគុកពីភាគីសហរដ្ឋអាម៉េរិក ធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ (Oman) បានបញ្ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីដើមសប្តាហ៍ ដោយបង្ហើបពីគម្រោងគ្រប់គ្រងច្រកសមុទ្រហ័រមូស និងលទ្ធភាពនៃការដាក់ទារថ្លៃសេវាផ្សេងៗចំពោះកប៉ាល់ដែលបើកឆ្លងកាត់ទីនោះ ។
ចំណែកឯប្រធានអ្នកចរចារបស់ភាគីខាងទីក្រុងតេហ៍រ៉ង់ លោក ម៉ូហាំម៉ាដ បាគើ កាលីបាហ្វ (Mohammad Bagher Ghalibaf) ក៏បានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះដែរថា ស្ថានភាពនៅច្រកសមុទ្រហ័រមូស (Hormuz) នឹងមិនអាចត្រឡប់ទៅរកសភាពដើមដូចកាលពីមុនពេលកើតមានសង្រ្គាមនោះឡើយ ដែលការណ៍នេះ កាន់តែធ្វើឱ្យអាម៉េរិកមិនពេញចិត្ត ។
បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ កំពុងតែធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ដែលការចរចានេះធ្វើឡើងបន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ ទើបតែបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MOU កាលពីសប្តាហ៍មុន និងបន្តចរចាគ្នានៅក្នុងប្រទេសស្វីស ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.