ព័ត៌មានជាតិ

លោកសន្តិបណ្ឌិត នេត សាវឿន ៖ កម្ពុជា បង្ហាញសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈការនាំចូល និងការចែកចាយថយចុះគួរឱ្យកត់សម្គាល់

image

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយក្នុងឆ្នាំកន្លងទៅ បរិមាណគ្រឿងញៀនដែលប៉ុនប៉ងនាំចូលមកកម្ពុជាបានថយចុះយ៉ាងគួរឱ្យកត់សម្គាល់ ហើយមានត្រឹមប្រមាណពី ១៥% ទៅ ២០% ប៉ុណ្ណោះដែលត្រូវបានប៉ុនប៉ងចរាចរចូលក្នុងប្រទេស។ ទន្ទឹមនឹងនេះ សកម្មភាពចែកចាយ ប្រើប្រាស់ក្នុងក្លឹបកម្សាន្ត និងការលបលួចកែច្នៃផលិតគ្រឿងញៀន ក៏ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង ដែលឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមាន និងបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាត្រឹមត្រូវក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។

លោកសន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវឱ្យសង្គមជាតិទាំងមូលបន្តចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា ខណៈយុវជន យុវនារី សិស្ស និស្សិត ត្រូវពង្រឹងការសិក្សា ជំនាញ សីលធម៌ និងសមត្ថភាពឌីជីថល ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព និងធ្វើជាគំរូល្អក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិក និងអបាយមុខគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បន្តអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ព្រមទាំងដោះស្រាយបណ្តឹងពាក់ព័ន្ធគ្រឿងញៀនឱ្យបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយ រួមទាំងកម្មវិធី App NoDrug។ លោកក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ចូលរួមវិនិយោគ និងគាំទ្រការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាល។

លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការអប់រំ ថែទាំ និងតាមដានកូនចៅ ដើម្បីបង្ការការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងអបាយមុខផ្សេងៗ។ ចំពោះអ្នកដែលបានជ្រុលខ្លួនប្រើប្រាស់គ្រឿងញៀនរួចហើយ មាតាបិតា និងអាណាព្យាបាល ត្រូវមានភាពក្លាហានក្នុងការនាំពួកគេទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ដើម្បីផ្តាច់ខ្លួនចេញពីសារធាតុញៀន និងមានឱកាសកសាងជីវិតថ្មីឡើងវិញ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការចូលរួមរួមគ្នារបស់គ្រប់ភាគី កម្ពុជានឹងអាចកសាងសង្គមមួយដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទស្សនវិស័យ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យស្អាតថ្លាជាប្រចាំ» ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕