ព័ត៌មានអន្តរជាតិ

ចិន និងម៉ុងហ្គោលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យរ៉ែ និងពាណិជ្ជកម្មយក្ស នៅខាងក្រៅកិច្ចប្រជុំ Davos

image


 
ចិន៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក ញ៉ាមអូស័រ អ៊ុចរ៉ាល់ (Nyam-Osor Uchral) នៅខាងក្រៅកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក សាំមើ ដាវ៉ូស (Summer Davos) នៅក្នុងទីក្រុងដាលីន (Dalian) កាលពីពេលថ្មីៗនេះ ដោយបានជំរុញឱ្យវិស័យសហប្រតិបត្តិការធនធានធម្មជាតិ ក្លាយជាស្នូលយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ។
 
នៅក្នុងកិច្ចចរចានោះ លោក លី ឈាង បានបញ្ជាក់ថា ប្រទេសចិន តែងតែផ្តល់តម្លៃខ្ពស់ដល់ទំនាក់ទំនងជាមួយប្រទេសជិតខាងមួយនេះ ដោយទីក្រុងប៉េកាំង ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកចំហ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យពាណិជ្ជកម្មកសិកម្ម ធ្យូងថ្ម សេដ្ឋកិច្ចឌីជីថល ព្រមទាំងការតភ្ជាប់បណ្តាញផ្លូវដែក និងផ្លូវល្បឿនលឿនឆ្លងកាត់ព្រំដែន ។
 
ចំណែកឯនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក ញ៉ាមអូស័រ អ៊ុចរ៉ាល់ (Nyam-Osor Uchral) បានបង្ហាញការប្តេជ្ញាចិត្តក្នុងការយកយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន ទៅតម្រឹមឱ្យស្របគ្នាទៅនឹងផែនការប្រាំឆ្នាំលើកទី១៥ របស់មហាយក្សចិន ព្រមទាំងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ ។
 
តាមពិតទៅ ប្រទេសម៉ុងហ្គោលី គឺជាប្រទេសដីគោកដែលគ្មានច្រកចេញចូលសមុទ្រឡើយ ហើយសេដ្ឋកិច្ចជាតិទាំងមូល ពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចេញធនធានរ៉ែ ដូចជា ធ្យូងថ្ម និងរ៉ែស្ពាន់ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមិនអាចខ្វះបាន ។
 
ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពីមានការរំខានកាលពីសប្តាហ៍មុន ដោយសារតែមានក្រុមបាតុករធ្វើការបិទខ្ទប់ការនាំចេញរ៉ែស្ពាន់ពីអណ្តូងរ៉ែ អូយូ ថុលហ្គយ (Oyu Tolgoi) ដែលជាប្រភពវត្ថុធាតុដើមដ៏សំខាន់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងបច្ចេកវិទ្យាថាមពលស្អាតរបស់ចិន ប៉ុន្តែមេដឹកនាំទាំងពីរនៅតែបង្ហាញឆន្ទៈរួមគ្នាក្នុងការដោះស្រាយ និងបន្តពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែរីកធំទ្វេដង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.