រដ្ឋមន្ត្រីកសិកម្ម៖ ការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ជាការធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីជលផល(វិសោធនកម្ម) និងអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើស ដែលបានប្រកាសផ្សព្វផ្សាយដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ ច្បាប់ជលផលថ្មីនេះ មាន១៥ជំពូក និង១០៤មាត្រា និងឧបសម្ព័ន្ធមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយនៅឡើយ ហើយនៅខែសីហា ឆ្នាំ២០២៦ នឹងចាប់ផ្តើមអនុវត្ត ដែលរំពឹងថា បទល្មើសជលផលចាប់ផ្តើមថយចុះ។
ក្នុងឱកានោះ លោក ឌិត ទីណា បានលើកឡើងថា ដោយសារច្បាប់ស្តីពី ជលផល ដែលមានតាំងពីឆ្នាំ២០០៦ នៅមានចន្លោះប្រហោង ទើបរៀបចំច្បាប់ស្តីពីជលផលសារជាថ្មី ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ជំនួសច្បាប់ស្តីពីជលផលឆ្នាំ២០០៦។
បើតាម លោក ឌិត ទីណា ច្បាប់ថ្មីនេះមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទសហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
លោករដ្ឋមន្ត្រីកសិកម្ម បានបន្តទៀតថា កាលពីឆ្នាំ២០២៥ ផលនេសាទសរុបជាង ៦សែន ៥ម៉ឺនតោន ក្នុងនោះផលនេសាទទឹកសាប ជាង៥សែនតោន និងផលនេសាទសមុទ្រជាង ១សែន ៤ម៉ឺនតោន មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយការកើនឡើងនេះដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ពីសមត្ថកិច្ចជំនាញជលផល រួមនឹងកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ដោយមានការចូលរួមផ្ដល់ព័ត៌មានពីមហាជនអំពីសកម្មភាពនៃការធ្វើនេសាទខុសច្បាប់ ផងដែរ។
លោក ឌិត ទីណា បានបញ្ជាក់ថា បន្ទាប់ពីមានច្បាប់ថ្មីនេះធ្វើឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ជាក់ស្តែងក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលក្នុងឆ្នាំ២០២៥ កូនផ្សោតកើតថ្មីបាន ៨ក្បាល ដោយពុំមានស្លាប់នោះឡើយ ដែលនេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រ ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេលពេញ ១ឆ្នាំ ហើយរយៈពេល៦ខែ ដើមឆ្នាំ២០២៦ មានកូនផ្សោតកើត៦ក្បាល ថែមទៀត នាំឱ្យសត្វផ្សោតទន្លេមេគង្គកើនឡើងរហូត ដល់ ១១៧ក្បាល នាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ទណ្ឌកម្មនៅក្នុងច្បាប់ជលផលថ្មីនេះ រួមមាន ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ។ ទណ្ឌកម្មរដ្ឋបាល រួមមាន ការព្រមានជាលាយលក្ខណ៍អក្សរ ការផ្អាកសកម្មភាព ការព្យួរ ឬការដកហូតជាបណ្តោះអាសន្នវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត និងការលុបចោល ឬការដកហូតវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត។ ចំណែកទណ្ឌកម្មរដ្ឋបាលផ្សេងទៀតដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដោយឡែលទណ្ឌកម្មព្រហ្មទណ្ឌ រួមមាន ពិន័យអន្តរការណ៍ ពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ៕