សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ប្រកបដោយសុខសុវត្ថិភាពហើយ
(ប៉េកាំង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។
សូមជម្រាបជូនថា ការអញ្ជើញទៅដល់របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយ លោក លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន លោក ឆិន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត នៅចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំងផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមានសម្ដេចពិជ័យសេនាទៀបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាល។ នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយលោកស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និង លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ទន្ទឹមនឹងនេះសម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
ទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់ អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដែកថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ផេក សម្ដេចតេជោ