ព័ត៌មានជាតិ

រថយន្តធុនធ្ងន់ ២គ្រឿង ត្រូវក្រុមជញ្ជីងចល័តក្រសួង ឃាត់ពិនិត្យ និងរកឃើញដឹកលើសទម្ងន់រហូតដល់ ៥៤តោន

image

ក្រចេះ៖ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ចំនួន ២គ្រឿង ពីគោលដៅផ្សេងគ្នា ក្នុងខេត្តក្រចេះ និងរកឃើញថា បានផ្ទុកលើសទម្ងន់កំណត់យ៉ាងច្រើន។

តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា រថយន្តទី១ ដឹកខ្សាច់ មានទម្ងន់សរុប ៩៩តោន ដោយផ្ទុកលើសទម្ងន់កំណត់ចំនួន ៥៤តោន។ ចំណែករថយន្តទី២ ដឹកជ័រ បានផ្ទុកលើសទម្ងន់កំណត់ចំនួន ៤៦តោន។

ក្រោយពីរត្រួតពិនិត្យ និងរកឃើញថា រថយន្តទាំងពីរ បានដឹកទុកលើសទម្ងន់កំណត់ មន្ត្រីជំនាញបានផាកវិន័យជាសាច់ប្រាក់ តាមនីតិវិធីច្បាប់ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាមូលហេតុបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ ឱ្យគោរពតាមច្បាប់ និងផ្ទុកទំនិញតាមទម្ងន់កំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការពារអាយុកាលផ្លូវថ្នល់ ៕

អត្ថបទ៖ សារី ណែត