ភ្លៀងធ្លាក់យ៉ាងគំហុក បង្កឱ្យមានគ្រោះទឹកជំនន់ ជន់លិចទីក្រុងពូធៀន ភាគអាគ្នេយ៍ប្រទេសចិន
ចិន៖ ភ្លៀងធ្លាក់យ៉ាងគំហុក និងជាប់ៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឱ្យមានគ្រោះទឹកជំនន់ ជន់លិចដងផ្លូវ និងរំខានដល់ប្រព័ន្ធចរាចរណ៍យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងពូធៀន (Putian) ខេត្តហ្វូជៀន (Fujian) ភាគអាគ្នេយ៍ប្រទេសចិន ។
ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យរថយន្តជាច្រើនគ្រឿងត្រូវបំផ្លិចបំផ្លាញ ខណៈមន្ត្រីឧតុនិយមមូលដ្ឋាន បានសម្រេចប្រកាសអាសន្នពណ៌លឿង (កម្រិតមធ្យម) បន្ទាប់ពីបានកត់ត្រាទិន្នន័យទឹកភ្លៀងធ្លាក់ខ្លាំង រហូតដល់ទៅ ៤៥.៨ មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ នៅក្នុងតំបន់ទីប្រជុំជនម៉ីចូវ (Meizhou) ។
ចំពោះគ្រោះធម្មជាតិដ៏គួរឱ្យព្រួយបារម្ភនេះ បានកើតឡើងនៅក្នុងអំឡុងដែលតំបន់ភាគខាងត្បូងប្រទេសចិន ទាំងមូល កំពុងតែរងការវាយប្រហារដោយរលកធាតុអាកាសអាក្រក់ ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី និងបង្កើតជាហានិភ័យខ្ពស់ដល់ការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងលិចលង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ។
ក្រុមអ្នកជំនាញព្យាករណ៍អាកាសធាតុ សង្កត់ធ្ងន់ថា ស្ថានភាពភ្លៀង និងខ្យល់ព្យុះផ្គររន្ទះ នឹងបន្តអូសបន្លាយនៅក្នុងទីក្រុងពូធៀន (Putian) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ព្រមទាំងបានអំពាវនាវ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការបើកបរឆ្លងកាត់ផ្លូវក្រោមដី ឬតំបន់ទំនាបជាដាច់ខាត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.