នាយករដ្ឋមន្ត្រីអ៊ុយក្រែន៖ អឺរ៉ុប នឹងបញ្ចេញកញ្ចប់ជំនួយគាំទ្រសេដ្ឋកិច្ច ៣,២ ពាន់លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែនទប់ទល់រដូវរងា
ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី យូលីយ៉ា ស្វីរីដេនកូ (Yuliia Svyrydenko) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសជាផ្លូវការនៅក្នុងសន្និសីទស្តារអ៊ុយក្រែនឡើងវិញ នាទីក្រុងហ្គាឌែនស៍ (Gdansk) ថា រដ្ឋធានីគីវ (Kiev) នឹងទទួលបានសាច់ប្រាក់ជំនួយវគ្គដំបូងចំនួន ៣,២ ពាន់លានអឺរ៉ូភ្លាមៗ ពីកញ្ចប់គាំទ្រសេដ្ឋកិច្ច និងការពារជាតិថ្មីរបស់សហភាពអឺរ៉ុប ។
លោកស្រី បានគូសបញ្ជាក់ថា ទឹកប្រាក់ជំនួយដំបូងជាង ៣ ពាន់លានអឺរ៉ូនេះ នឹងត្រូវយកទៅប្រើប្រាស់ជាបន្ទាន់ក្នុងការពង្រឹងវិស័យការពារជាតិ "ជួយទប់ទល់សេដ្ឋកិច្ចជាតិទាំងមូលកុំឱ្យដួលរលំ" និងជាពិសេស គឺការកសាងប្រព័ន្ធថាមពលឡើងវិញ ដើម្បីត្រៀមលក្ខណៈទប់ទល់មុនពេលដែលរដូវរងាឈានចូលមកដល់ ។
កញ្ចប់សាច់ប្រាក់វគ្គដំបូងនេះ គឺជាផ្នែកមួយនៃកម្ចីសរុបតម្លៃ ៩០ ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបគ្រោងនឹងបញ្ចេញ ដើម្បីជួយជ្រោងសេដ្ឋកិច្ច និងការពារប្រទេសអ៊ុយក្រែនឱ្យឈរជើងបានជាបន្តបន្ទាប់ពេញមួយឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដោយនៅក្នុងនោះ ថវិកាចំនួន ៣០ ពាន់លានអឺរ៉ូ ត្រូវបានបម្រុងទុកសម្រាប់ជំនួយហិរញ្ញវត្ថុម៉ាក្រូ (កញ្ចប់ថវិកាជួយជ្រោងសេដ្ឋកិច្ចជាតិ) និង ៦០ ពាន់លានអឺរ៉ូទៀត សម្រាប់វិស័យយោធា ។
កញ្ចប់ថវិកាវគ្គដំបូងនេះ អាចដោះស្រាយបាន បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចកែសម្រួលរចនាសម្ព័ន្ធកញ្ចប់ជំនួយ ដោយបានប្តូរយកថវិកាចំនួន ៥,៩ ពាន់លានអឺរ៉ូ ដែលដើមឡើយគ្រោងទុកសម្រាប់ការផលិត និងលទ្ធកម្មដ្រូន (ការផលិត និងការបញ្ជាទិញដ្រូន) មកធ្វើជាជំនួយហិរញ្ញវត្ថុសម្រាប់គាំទ្រកញ្ចប់ថវិកាជាតិផ្ទាល់របស់អ៊ុយក្រែនវិញ ។
ទោះជាយ៉ាងណាក្ដី ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនេះ ទទួលរងនូវការរំខានដោយសារតែវិបត្តិការទូតដ៏ស្រួចស្រាវ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានធ្វើព្រងើយកន្តើយមិនចូលរួមក្នុងសន្និសីទនេះឡើយ បន្ទាប់ពីមានជម្លោះជាមួយប៉ូឡូញ ជុំវិញការដាក់ឈ្មោះកងទ័ពអ៊ុយក្រែនតាមក្រុមយោធា UPA ដែលធ្លាប់មានប្រវត្តិសម្លាប់ជនជាតិប៉ូឡូញ ក្នុងសម័យសង្រ្គាមលោកលើកទី២ ។
ជម្លោះប្រវត្តិសាស្ត្រនេះ បានរុញច្រានទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរឱ្យធ្លាក់ចុះកាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីប៉ូឡូញ លោក ការ៉ូល ណាវរ៉ុកគី (Karol Nawrocki) បានប្រកាសគំរាមដកហូតមេដាយកិត្តិយសខ្ពស់បំផុត (Order of the White Eagle) ពីលោក ហ្សេលែនស្គី វិញ ខណៈសន្និសីទស្តារឡើងវិញនេះ ត្រូវបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reddit