ព័ត៌មានអន្តរជាតិ

តាជីគីស្ថាន និងរុស្ស៊ី ជំរុញឱ្យសមាជិក CIS បង្កើតច្បាប់រួមគ្នា ដើម្បីទប់ទល់ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា និងការវិវត្តនៃ AI

image


រុស្ស៊ី៖ នៅក្នុងសម័យប្រជុំនៃវេទិកាច្បាប់អន្តរជាតិទីក្រុងស៊ែនភែតធ័រស្ប៊ើក (St Petersburg International Legal Forum - SPILF) កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសតាជីគីស្ថាន លោក មូហ្សាហ្វា អាស៊ូរីយ៉ុង (Muzaffar Ashuriyon) លើកឡើងថា ការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងទាមទារឱ្យមានការឆ្លើយតបផ្លូវច្បាប់បែបទំនើប និងការបង្កើតយន្តការសហប្រតិបត្តិការរួមគ្នាមួយ នៅក្នុងក្របខ័ណ្ឌនៃសហគមន៍រដ្ឋឯករាជ្យ CIS ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រុស្ស៊ី លោក កុងស្តង់ទីន ឈុយឆិនកូ (Konstantin Chuichenko) ក៏បានគាំទ្រ និងអំពាវនាវឱ្យមានការលុបបំបាត់របាំងរដ្ឋបាលមិនចាំបាច់ទាំងឡាយ ក្នុងការផ្តល់ជំនួយផ្នែកច្បាប់រវាងប្រទេសជាសមាជិក ដោយលោកបានជំរុញឱ្យយកគំរូតាមបទពិសោធន៍នៃសន្និសីទទីក្រុងឡាអេ ស្តីពីច្បាប់ឯកជនអន្តរជាតិ ដែលជាទម្រង់នៃការជួបជុំ ដើម្បីស្វែងរកចំណុចរាំងស្ទះ និងដាក់ចេញនូវបទដ្ឋានច្បាប់រួមគ្នា ។

លោក កុងស្តង់ទីន សង្កត់ធ្ងន់ថា កម្រិតនៃការការពារសន្តិសុខជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺអាស្រ័យទៅលើសមត្ថភាពរបស់ប្រទេសនីមួយៗ ក្នុងការកែសម្រួលប្រព័ន្ធច្បាប់ឱ្យដើរទាន់ល្បឿននៃការប្រែប្រួលរបស់ពិភពលោកទំនើប ព្រោះពេលវេលានឹងមិនរង់ចាំប្រទេសណាមួយឡើយ ខណៈសហគមន៍ CIS បច្ចុប្បន្នបានក្លាយជាស្ថាប័នអន្តរជាតិដ៏មានកិត្យានុភាពមួយទៅហើយ ។

ការពិភាក្សាដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នៃវេទិកាច្បាប់អន្តរជាតិទីក្រុងស៊ែនភែតធ័រស្ប៊ើក (SPILF) លើកទី១៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់តំណាងសហគមន៍ច្បាប់ អង្គការរដ្ឋាភិបាល សហគមន៍ធុរកិច្ចនិងទីភ្នាក់ងារអនុវត្តច្បាប់មកពីប្រទេសរុស្ស៊ី ព្រមទាំងបណ្តាប្រទេសដទៃទៀតជាច្រើន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ techgenies on Microsoft Bing.