ព័ត៌មានអន្តរជាតិ

រុស្ស៊ីដាក់លក្ខខណ្ឌដាច់ខាតទៅអឺរ៉ុបថា បើចង់ចរចារឿងអ៊ុយក្រែន ត្រូវចេះគោរពផលប្រយោជន៍រុស្ស៊ីជាមុនសិន

image


 
រុស្ស៊ី៖ ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានប្រកាសជាផ្លូវការថា លទ្ធភាពនៃការបើកកិច្ចចរចាសន្តិភាពលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវពឹងផ្អែកដោយផ្ទាល់ទៅលើឆន្ទៈពិតប្រាកដ និងសមត្ថភាពរបស់បណ្តាប្រទេសអឺរ៉ុប ក្នុងការចេះគោរពផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ី ។
 
លោកស្រី ហ្សាខារ៉ូវ៉ា បានរិះគន់យ៉ាងធ្ងន់ៗ និងចាត់ទុកបំណងចង់ធ្វើជាអ្នកសម្របសម្រួលសន្តិភាពរបស់មេដឹកនាំអឺរ៉ុបថាជារឿង «ចម្លែកបំផុត» ព្រោះបច្ចុប្បន្ន ប្រទេសអឺរ៉ុបទាំងនោះបានលូកដៃចូលជ្រៅ និងកំពុងជាប់ជំពាក់វាក់វិនក្នុងការជួយជ្រោមជ្រែងទីក្រុងគីវ (Kiev) ឱ្យធ្វើការវាយប្រហារមកលើទឹកដីរបស់ប្រទេសរុស្ស៊ី ដែលទង្វើនេះមិនបានបង្ហាញពីភាពស្មោះត្រង់ក្នុងការចង់បានសន្តិភាពពិតប្រាកដនោះឡើយ ។
 
ការចេញមុខព្រមានពីសំណាក់មន្ត្រីរុស្ស៊ីនាពេលនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦ បានធ្វើដំណើរទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីជួបចរចាជាមួយនាយករដ្ឋមន្ត្រី គែរ ស្តាម័រ (Keir Starmer) ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីដរិច មើស៍ (Friedrich Merz) ក្នុងការស្វែងរកការគាំទ្រផ្នែកយោធាបន្ថែមទៀត ។
 
ជាការឆ្លើយតប កាលពីថ្ងៃទី១១ ខែមិថុនា ក្រុមឯកអគ្គរដ្ឋទូតរបស់ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានចូលជួបពិភាក្សាការងារនៅក្រសួងការបរទេសរុស្ស៊ីផងដែរ។ នាឱកាសនោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីខាអ៊ីល ហ្គាលូហ្ស៊ីន (Mikhail Galuzin) បានពន្យល់ និងដាក់ចេញនូវលក្ខខណ្ឌយុទ្ធសាស្ត្រការទូតរបស់ទីក្រុងម៉ូស្គូ ជូនទៅក្រុមលោកខាងលិច ក្នុងករណីដែលពួកគេមានឆន្ទៈចង់បញ្ចប់ជម្លោះនេះពិតប្រាកដ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ istockphoto on Microsoft Bing.