សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមមធ្យោបាយឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ សម្តេច បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម សហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃ ការប្រែប្រួលអាកាសធាតុនេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
សម្តេចធិបតី បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ត្រៀមមធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបំរុង ស្បៀងនិងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ