សង្គម

លោករដ្ឋមន្រ្តី ហេង សួរ និងទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស

image


ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ជាមួយលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នានិវេសនដ្ឋានឯកអគ្គរដ្ឋទូត ដែលជាឱកាសក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏មានអត្ថន័យជាមួយគណៈប្រតិភូដែលមានវត្តមាននៅទីនេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងាររយៈពេលជិត ៣០ឆ្នាំ មកនេះ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា កូរ៉េ គឺជាប្រទេសនៃក្តីស្រមៃដែលបងប្អូនពលករកម្ពុជា តែងតែប៉ងប្រាថ្នាចង់ទៅធ្វើការដោយប្រទេសកូរ៉េយកចិត្តទុកដាក់ក្នុងការផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការទាន់ពេលវេលាដល់ពលករខ្មែរ ដើម្បីបានចេញទៅបំពេញការងារឆ្លើយតបតាមតម្រូវការរបស់និយោជកកូរ៉េ ដោយសារតែថៅកែមានចិត្តល្អ លក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ចំណូលខ្ពស់ និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមគ្រួសារបងប្អូនពលករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់។

បន្ថែមពីនេះ ការគាំទ្ររបស់កូរ៉េចំពោះប្រព័ន្ធសុវត្ថិភាព និងសុខភាពការងាររបស់កម្ពុជាតាមរយៈការកសាងសមត្ថភាព ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ និងការកែលម្អបរិក្ខារបណ្តុះបណ្តាល កំពុងរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គមរបស់ពលករខ្មែរ។

លោក ហេង សួរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកូរ៉េនៅកម្ពុជាឱ្យកាន់តែជិតស្និទ្ធលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលនិយោជកកូរ៉េ ក៏ដូចជាពលរដ្ឋកូរ៉េនៅកម្ពុជាកំពុងជួបប្រទះផងដែរ។

ក្នុងឱកាសនោះដែរ លោក គីម ឆាងយ៉ុង បានកោតសរសើរចំពោះ ឯកឧត្តម ហេង សួរ ក្នុងកិច្ចការសម្របសម្រួល និងដោះស្រាយបញ្ហាជូននិយោជកកូរ៉េ សហជីព និងកម្មករនិយោជិតបានលឿនរហ័សទាន់ចិត្ត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងទទួលបានផ្លែផ្កាកាន់តែប្រសើរ៕